(វ៉ាស៊ីនតោន)៖ អ្នកបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក នឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះថា តើលោក ដូណាល់ ត្រាំ នៅតែអាចបន្តអង្គុយកៅអីសេតវិមានសម្រាប់អាណត្តិទី ២ មានរយៈពេល ០៤ឆ្នាំបន្តទៀតដែរ ឬក៏យ៉ាងណា។ លោក ដូណាល់ ត្រាំ នឹងត្រូវតតំាំងជាមួយលោក ចូ បៃដិន ជាបេក្ខជនប្រធានាធិបតីមកពី គណបក្សប្រជាធិបតេយ្យ និងធ្លាប់ជាអតីតអនុប្រធានាធិបតីអាមេរិក ជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។

ទាំងលោក ដូណាល់ ត្រាំ និងលោក បៃដិន សុទ្ធតែត្រូវបានគណបក្សតែងតាំង ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ នៅក្នុងសមាជបក្សរៀងៗខ្លួន។ សមាជបក្សប្រជាធិបតេយ្យ បានបិទបញ្ចប់កាលពីសប្ដាហ៍មុន ខណៈសមាជបក្សសាធារណរដ្ឋក៏ទើបតែបាន បិទបញ្ចប់ផងដែរ ដោយមានរយៈពេល ០៤ថ្ងៃ។ បើតាមការព្យាករណ៍របស់ ក្រុមអ្នកជំនាញមួយចំនួន និងការស្ទង់មតិជាច្រើននាពេលថ្មីៗនេះ លោក បៃដិន នឹងទទួលបានជ័យជម្នះដោយផ្ដួលលោក ត្រាំ នៅក្នុងការបោះឆ្នោតខាងមុខ។ ក៏ប៉ុន្តែដោយសារតែប្រព័ន្ធបោះឆ្នោតនៅអាមេរិកសព្វថ្ងៃ ការនិយាយតែម្តងថា លោក បៃដិន នឹងឈ្នះវាហាក់ដូចជាលឿនពេក។

១៖ ការព្យាករណ៍ និងការស្ទង់មតិ

លោក អាល្លេន លីចមែន ( Allan Lichtman) បានទាយថា លោក ចូ បៃដិន នឹងឈ្នះនៅខែវិច្ឆិកាខាងមុខ ហើយសូម្បីតែការស្ទង់មតិថ្នាក់ជាតិ ក៏បង្ហាញថា អតីតអនុប្រធានាធិបតីអាមេរិករូបនេះ នឹងទទួលបានជ័យជម្នះលើលោក ត្រាំ ផងដែរ។

លោក Allan Lichtman ដែលជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តម្នាក់ នៅឯសាកលវិទ្យាល័យអាមេរិកាំង (American University) នោះ គឺជាបុគ្គលល្បីខាងព្យាករណ៍លទ្ធផល រាល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មិនដែលខុសម្តងណាឡើយ ចាប់តាំងតែពីឆ្នាំ១៩៨៤ មកគឺតាំងពីជំនាន់លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ហើយក្នុងនោះរួមមានទាំងជ័យជម្នះ ដែលមនុស្សភាគច្រើននឹកស្មានពុំដល់របស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ ផងដែរ។

ក្នុងបទសម្ភាសន៍មួយជាមួយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីដើមខែសីហាកន្លងទៅនេះ លោក Litchtman បានលើកឡើងថា លោក ចូ បៃដិន នឹងទទួលជ័យជម្នះ ប៉ុន្តែវាមិនមែនដោយសារលោក បៃដិន ឬក៏លោក ត្រាំ ផ្ទាល់ទេ។ ជាការពិតណាស់ រឿងអាស្រូវ, វិបត្តិ COVID-19 និងការរើសអើងពូជសាសន៍ បានចូលរួមចំណែកធ្វើឱ្យលោក ដូណាល់ ត្រាំ ចាញ់លោក ចូ បៃដិន នៅក្នុងការស្ទង់មតិថ្នាក់ជាតិ ហើយបើសិនជាការបោះឆ្នោត ត្រូវធ្វើឡើងភ្លាមៗវិញនោះលោក បៃដិន ប្រហែលជាអាចឈ្នះលោក ត្រាំ ក៏ថាបាន។

ក្នុងន័យខាងលើនេះ នៅសល់ប៉ុន្មានខែមុនការបោះឆ្នោតចូលមកដល់ លោក ត្រាំ នៅតែមានឱ្យស្ដារស្ថានការណ៍ឡើងវិញ ខណៈវ៉ាក់សាំង COVID-19 របស់អាមេរិក កំពុងស្ថិតនៅក្នុងតំណាក់កាលធ្វើតេស្ដចុងក្រោយលើមនុស្ស ហើយសកម្មភាពសេដ្ឋកិច្ចកំពុងងើបឡើង ក្រោយពីវិធានការបិទប្រទេស (Lockdown) និងមានភាពរឹងមាំដដែល ក្រោមរដ្ឋបាលលោក ត្រាំ។
នៅក្នុងសហរដ្ឋអាមេរិកទាំំងមូល បញ្ហាសេដ្ឋកិច្ចត្រូវបានគេជឿជាក់ថាគឺជា «កត្តាដ៏សំខាន់បំផុត» ដែលអាចកែប្រែចិត្តអ្នកបោះឆ្នោតបាន។ ការកែប្រែចិត្តនេះ អាចនឹងធ្វើឡើងតាមរយៈការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច ដោយធ្វើយ៉ាងណាបង្ខំឱ្យចិន បង្កើនការទិញផលិតផលអាមេរិក ដូចដែលមានចែងនៅក្នុង កិច្ចព្រមព្រៀងតំណាក់កាលទី ១ រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។

២៖ បានសំឡេងពីប្រជាជនភាគច្រើន ក៏មិនប្រាកដថាឈ្នះ

ប្រព័ន្ធបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក គឺមិនដូចប្រព័ន្ធបោះឆ្នោត នៅតាមបណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិចដទៃឡើយ។ ពោលគឺ ប្រធានាធិបតីមិនមែនត្រូវបានជ្រើសរើសដោយផ្ទាល់ ដោយប្រជាជនអាមេរិកនោះទេ តែជាមនុស្សមួយក្រុម ឬគេហៅប្រតិភូទៅវិញទេ ដែលជាអ្នកកំណត់ ថាតើនរណាសក្តិសមធ្វើជាប្រធានាធិបតី ទៅតាមការបោះឆ្នោតគាំទ្រពីប្រជាជនក្នុងរដ្ឋនីមួយៗ។ ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក បេក្ខជនម្នាក់ត្រូវតែទទួលបានសំឡេងប្រតិភូ ២៧០ ឬច្រើនជាងនេះ ក្នុងចំណោមសំឡេងប្រតិភូសរុបទាំង ៥៣៨។

ជាក់ស្ដែងកាលពីការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងគាំទ្រពីប្រជាជនអាមេរិក ច្រើនជាងលោក ដូណាល់ ត្រាំ រហូតដល់ទៅ ២.៩លានសំឡេងឯណោះ។ តែទីបញ្ចប់លោក ត្រាំ នៅតែជាប់ឆ្នោតជាប្រធានាធិបតី ដោយទទួលបានសំឡេងប្រតិភូច្រើនលើសលប់។ ដូច្នេះហើយទើបបច្ចុប្បន្ន លោក ដូណាល់ ត្រំា កំពុងផ្ដោតជាសំខាន់លើរដ្ឋ ដែលមានសំឡេងប្រតិភូច្រើន ឬហៅថា swing states ដូចជារដ្ឋផ្លរីដា (Florida), មីឈីហ្គែន (Michigan), ភែនស៊ីលវេនៀ (Pennsylvania) និងរដ្ឋ វីសខុនសិន (Wisconsin)ជាដើម។

បន្ថែមពីលើនេះ បើតាមអត្ថបទមួយចេញផ្សាយដោយសារព័ត៌មាន NBC នៅក្នុងសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ ត្រូវបានគេព្យាករណ៍ថា នឹងបាត់បង់សំឡេងគាំទ្រពីប្រជាជន ឬ Popular Vote រហូតដល់ទៅ ៥លានសំឡេង តែលោកនៅតែអាចជាប់ឆ្នោត មួយអាណត្តិទៀតដដែល។

៣៖ រូបភាពជាសុភាពបុរស

នៅក្នុងសមាជបក្សកាលពីសប្ដាហ៍មុន គណបក្សប្រជាធិបតេយ្យ បានវាយប្រហារលើលោក ដូណាល់ ត្រាំ ចំៗថា គ្មានសមត្ថភាពបំពេញការងារ ជាប្រធានាធិបតីអាមេរិក,
ជាមនុស្សមិនចេះខ្វាយខ្វល់ពីអ្នកដទៃ និងគិតតែពីខ្លួនឯង។ ប៉ុន្តែ នៅក្នុងសមាជបក្សកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រុមមន្ត្រីបក្សសាធារណរដ្ឋ បាននាំគ្នានិយាយការពារ និងលើកសរសើរពីការដឹកនាំអស្ចារ្យរបស់លោក ដូណាល់ ត្រាំ ដើម្បីព្យាយាមការពារ និងស្ដាររូបភាពជាសុភាពបុរសដ៏មានភាពកក់ក្ដៅ របស់លោក ដូណាល់ ត្រាំ នៅក្នុងកែវភ្នែកអ្នកបោះឆ្នោត។

លោក ខាករ រ៉ូវ (Karl Rove) ជាអ្នកយុទ្ធសាស្រ្តម្នាក់ដែលបានចូលរួមចំណែក ជួយឱ្យលោក ចច ដាប៊ែលយូ ប៊ូស (George W Bush) ជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០០៤ យល់ថា លោក ត្រាំ អាចមានឱកាសឈ្នះ និងទាញយកការគាំទ្រពីប្រជាជនអាមេរិកស្បែកស បើសិនជាលោកអាចបញ្ចៀស ការធ្វើឱ្យអ្នកដទៃមានអារម្មណ៍ឯកោ ឬចម្លែក និងថ្លែងសារដែលមានលក្ខណៈបង្រួបបង្រួម ឬក៏ឯកភាពជាតិ៕

ប្រភព៖ CNA (ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០)