(ម៉ូស្គូ)៖ អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម បានប្រកាសរួមគ្នាពីបំណងធ្វើកិច្ចសហប្រតិបត្តិការ សាងសង់មូលដ្ឋានប្រមូលព័ត៌មានសម្ងាត់ នៅលើកោះមួយរបស់ប្រទេសយ៉េមែន ក្រោយសម្រេចបានកិច្ចព្រមព្រៀង ផ្សាភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ ក្រោមកិច្ចសម្របសម្រួលរបស់សហរដ្ឋអាមេរិកនោះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

សារព័ត៌មាន Sputnik ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើទូរទស្សន៍អ៉ីរ៉ង់ PressTV។ PressTV ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា មូលដ្ឋានប្រមូលព័ត៌មានសំងាត់រវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម គឺនឹងត្រូវសង់ឡើងនៅលើទីប្រជុំកោះ សូខូត្រា (Socotra) នៃប្រទេសយ៉េមែន។

ក្រុមមន្ត្រីនៃប្រទេសទាំង ២ ក៏បានធ្វើដំណើរទៅដល់ទីប្រជុំកោះ Socotra ដែរ ដើម្បីពិនិត្យ និងជ្រើសរើសទីតាំងសម្រាប់មូលដ្ឋានរបស់ពួកគេ ខណៈទីតាំងចំនួន ២ ទំនងជាត្រូវបានជ្រើសរើសគឺតំបន់ ម៉ូមី (Momi) នៃភាគខាងកើតកោះ Socotra និងភាគខាងលិចនៃកោះមួយនេះ។
ចំណែកឯកម្មវត្ថុរួម នៃមូលដ្ឋានប្រមូលព័ត៌មានសំងាត់ទាំងនេះ គឺដើម្បីប្រមូលព័ត៌មាននៅទូទាំងតំបន់ឈូងសមុទ្រ រាប់ចាប់ពីតំបនច្រកសមុទ្រ បាប់ អាល់ម៉ាន់ដេប (Bab al-Mandab) និងភាគខាងត្បូងនៃប្រទេសយ៉េមែន រួមទាំងតំបន់ឈូងសមុទ្រ អ៉ីដិន (Eden) និងតំបន់អាហ្វ្រិកខាងកើតហៅថា «Horn of Africa» ផងដែរ៕