(អូស្លូ)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា វាមិនទាន់ច្បាស់នៅឡើយទេថា តើវីរុសកូរ៉ូណា (COVID-19) មានប្រភពដើមចេញពីប្រទេសចិនពិតមែន ឬមួយក៏យ៉ាងណា។ ការលើកឡើងពីសំណាក់ មន្ត្រីកំពូលចិនយ៉ាងដូច្នេះ បាននិងកំពុងបង្កឲ្យមានមន្ទិលសង្ស័យ ទៅលើទស្សនៈរបស់ក្រុមអ្នកជំនាញសុខភាព និងរដ្ឋាភិបាលប្រទេសនានាលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

នៅក្នុងដំណើរទស្សនកិច្ចនៅកាន់ប្រទេសន័រវែស លោក Wang បានថ្លែងថា ប្រទេសចិនគឺជាប្រទេសដំបូងគេ ដែលបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ទៅកាន់អង្គការសុខភាពពិភពលោក (WHO) តែនេះមិនមែនមានន័យថា វីរុសនេះមានប្រភពដើមនៅក្នុងប្រទេសចិននោះទេ។ ទន្ទឹងគ្នានេះ លោក Wang បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងបានឃើញពីរបាយការណ៍ដែលបង្ហាញថា វីរុសនេះបានលេចចេញ នៅតាមតំបន់ផ្សេងៗនៅជុំវិញពិភពលោក ហើយវាប្រហែលជាលេចចេញមុនប្រទេសចិនទៅទៀត។

លោក Wang Yi បានបន្តទៀតថា តើវីរុសនេះចាប់ផ្តើមពីណា ហើយវាចាប់ផ្តើមដោយរបៀបណា គួរតែទុកឲ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវេជ្ជសាស្រ្តជាអ្នកឆ្លើយ ហើយវាជាមិនគួរក្លាយជា អាវុធនយោបាយនោះទេ។ ការលើកឡើងនេះត្រូវបាន មន្ត្រីជាន់ខ្ពស់ចិនធ្វើឡើង ដើម្បីតបតចំពោះការចោទប្រកាន់របស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅវីរុសនេះថា «ជាវីរុសចិន»

លោក Wang បានគូសបញ្ជាក់សាជាថ្មីថា តើនរណាគឺជាអ្នកជំងឺដំបូងបំផុតនោះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ អំឡុងពេលដែលលោកកំពុងធ្វើទស្សនកិច្ចនៅប្រទេសន័រវែស បន្ទាប់ពីបញ្ចប់ទស្សនកិច្ចប្រទេសហូឡង់ និងអ៉ីតាលីកាលពីដើមសប្តាហ៍នេះ៕