(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា ចិននឹងពុំធ្វើអ្វីតាមការទាមទារចង់បានរបស់សហរដ្ឋអាមេរិក ហើយនឹងមិនអត់ឱនចំពោះសកម្មភាពបង្កហេតុឥតកោតក្រែង របស់ទីក្រុងវ៉ាស៉ីនតោនដាច់ខាត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

ការកត់សម្គាល់ខាងលើពីសំណាក់ក្រសួងការពារជាតិចិន គឺត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅព្រហស្បតិ៍នេះ បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ (Mark Esper) ទើបតែបានប្រកាសច្បាស់ៗថា សហរដ្ឋអាមេរិក នឹងមិនព្រមដកថយសូម្បីតែមួយមីលីម៉ែត្រពីតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះខ្លួនចង់រក្សាតុល្យភាពពិភពលោក។

ទោះជាយ៉ាងណា លោក Wu Qian បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរក្សាការប្រាស្រ័យទាក់ទងរវាងកម្លាំងប្រដាប់អាវុធនៃប្រទេសមហាអំណាចទាំងពីរ ហើយថែមទាំងបានជំរុញឲ្យភាគីទាំងពីរ ជួបជជែកពិភាក្សាគ្នាឲ្យបានញឹកញាប់ ដើម្បីរក្សាទំនាក់ទំនងឲ្យមានស្ថិរភាព។ មន្ត្រីជាន់ខ្ពស់រូបនេះក៏បានអំពាវនាវដល់សហរដ្ឋអាមេរិក ឲ្យប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបើកចំហនិងមានហេតុផល មកលើប្រទេសចិនផងដែរ ដោយលោកបានបន្ថែមថា ភាគីចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងអាចចាត់វិធានការជាក់លាក់ ដើម្បីបង្កើត «បរិយាកាសវិជ្ជមាន» សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

កាលពីដើមសប្តាហ៍នេះ យន្តហោះឈ្លបយកការណ៍សំងាត់អាមេរិក ត្រូវគេរាយការណ៍ថា បានចូលទៅក្នុងដែនអាកាសរបស់ចិន ជាទីដែលកងទ័ពរំដោះប្រជាជនចិន បានប្រើប្រាស់សម្រាប់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ លើសពីនោះទៀត សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ចូលក្រុមហ៊ុនចិនចំនួន២៤ និងបុគ្គលមួយចំនួនទៀត ទៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្ម ដោយចោទថា ពួកគេទាំងនោះមានជាប់ពាក់ព័ន្ធនឹងការសង់មូលដ្ឋានយោធា និងសកម្មភាពយោធាចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គឺស្ថិតនៅក្នុងស្ថានការណ៍ដ៏ស្មុគស្មាញបំផុត បើគិតចាប់តាំងពីមានការបង្កើតទំនាក់ទំនងការទូតនឹងគ្នាមក។ និយាយរួមទៅ គឺចាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាផ្លូវការនៅដើមឆ្នាំ២០១៧ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកក៏ត្រូវបានគេមើលឃើញថា បានស្ថិតក្នុងចំណុចអាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ដោយសារសង្គ្រាមពាណិជ្ជកម្ម, ជម្លោះការទូត, ការបង្កើនសាច់ដុំយោធារវាងអាមេរិកនិងចិន ព្រមទាំងបញ្ហាវីរុសកូរ៉ូណាផងដែរ៕