(ហុងកុង)៖ អាជ្ញាធរចិន បានចាប់ខ្លួនមនុស្សយ៉ាងហោច១០នាក់ បន្ទាប់ពីបានស្ទាក់ចាប់ទូកមួយគ្រឿង នៅឯតំបន់ឆ្នេរសមុទ្រ នៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

បើតាមអាជ្ញាធរខេត្តក្វាងទុង មនុស្សទាំង១០នាក់ខាងលើ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅនេះ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយ ហុងកុង ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរថាមនុស្សដល់ទៅ១២នាក់ឯណោះ មកពី ទីក្រុងហុងកុង ត្រូវបានចាប់ខ្លួន កំឡុងពួកគេព្យាយាមជិះទូកមួយគ្រឿង ឆ្ពោះទៅកាន់កោះតៃវ៉ាន់ ដើម្បីស្នើសុំសិទ្ធិជ្រកកោននយោបាយ។

មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថាតើអ្នកទាំងនេះ នឹងត្រូវបានចោទប្រកាន់ពីបទអ្វីនោះទេ ខណៈនេះគឺជារឿងដ៏កម្រដែល អាជ្ញាធរចិន ចាប់ខ្លួនពលរដ្ឋហុងកុង ព្យាយាមរត់ចេញពីទីក្រុងមួយនេះ។

គួរជម្រាបថា រដ្ឋាភិបាលទីក្រុងហុងកុង មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយទៅនឹងសេចក្ដីរាយការណ៍ខាងលើ។ កោះតៃវ៉ាន់ ធ្លាប់សន្យាជាច្រើន លើកថាខ្លួនស្វាគមន៍ជានិច្ច និងផ្ដល់ជំនួយដល់ប្រជាជនហុងកុងដែលមានបំណងរត់ចេញពីទីក្រុងកំណើតរបស់ពួកគេ ចាប់តាំងពីចិនដាក់ឱ្យ អនុវត្តច្បាប់សន្តិសុខជាតិថ្មី៕