(អាមេរិក)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ម៉ាល អេស្ពើ (Mark Esper) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិក «នឹងមិនដកថយសូម្បីតែមួយមីលីម៉ែត្រ» ពីតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលកម្តៅនៅសមុទ្រចិនខាងត្បូង នៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

នៅក្នុងឪកាសបំពេញទស្សនកិច្ចទៅកាន់រដ្ឋហាវ៉ៃ (Hawaii) លោក Esper បានថ្លែងថា អាមេរិកនៅតែសង្ឃឹមក្នុងការ បន្តកិច្ចសហការជាមួយប្រទេសចិនស្របតាមបទបញ្ជា និងគោលការណ៍ច្បាប់អន្ដរជាតិ ទោះបីជាទីក្រុងប៉េកាំងមិនបានធ្វើតាមការសន្យារបស់ខ្លួន និងនៅតែបន្តធ្វើទំនើបកម្មយោធាក៏ដោយ។

លោក Esper បានបន្តទៀតថា ប្រទេសចិនមិនបានគោរព តាមច្បាប់អន្តរជាតិ និងបទដ្ឋាននានា នៅក្នុងទំនាក់ទំនងអន្តរជាតិនោះទេ ហើយទីក្រុងប៉េកាំងនៅតែបន្តពង្រឹងអំណាចរបស់ខ្លួន នៅជុំវិញពិភពលោក។ លើសពីនេះសកម្មភាពរបស់យោធាចិន (PLA) ជាពិសេស នៅសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត បានគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកផងដែរ។

នៅជុំវិញបញ្ហាទាំងអស់នេះ អាមេរិកមិនដែលមានចេតនា ចង់កម្លាចប្រទេសចិននោះទេ តែផ្ទុយទៅវិញអាមេរិក នៅតែចង់បន្តសហការជាមួយ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីរក្សាសន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ។ ទន្ទឹងគ្នានេះ លោក Esper បានគូសបញ្ជាក់ថា តំបន់ប៉ាស៊ីហ្វិកជាចំណុចកណ្តាល នៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ដូចជាចិន និងរុស្សី ដូច្នេះហើយវាពិតជាចំបាច់ណាស់ ចំពោះវត្តមានរបស់អាមេរិក ដើម្បីរក្សាលំនឹងអន្តរជាតិឡើងវិញ។ លោក Esper ក៏បានសង្កត់ធ្ងន់ដែរថា សហរដ្ឋអាមេរិកមានការទទួលខុសត្រូវ ក្នុងការដឹកនាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះថាយើងមានវត្តមាននៅទីនេះ ជាយូរណាស់មកហើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងស្ថិតនៅក្នុងជម្លោះជាច្រើនរួមមាន ពាណិជ្ជកម្ម បញ្ហាសិទ្ធិមនុស្ស សកម្មភាពយោធាចិននៅសមុទ្រចិនខាងត្បូង និងកន្លែងផ្សេងៗទៀត។ ដោយឡែកប្រទេសចិនវិញ មិនទាន់បញ្ចេញប្រតិកម្មណាមួយ ជុំវិញការលើកឡើងដ៏រសើបរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ខាងលើនេះនៅឡើយទេ៕