(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ចូលក្រុមហ៊ុនចិនចំនួន ២៤ និងបុគ្គលមួយចំនួនទៀត ទៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មដោយចោទថា ពួកគេមានជាប់ពាក់ព័ន្ធ នឹងការសង់មូលដ្ឋានយោធា និងសកម្មភាពយោធាចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

បើតាមក្រសួងការពាណិជ្ជកម្មអាមេរិក ក្រុមហ៊ុនចិនទាំង ២៤ខាងលើ បានចូលរួម និងជួយសាងសង់មូលដ្ឋានយោធាចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយនេះគឺជាការដាក់ទណ្ឌកម្មដំបូងបំផុត ប្រឆាំងនឹងទីក្រុងប៉េកាំង ជុំវិញជម្លោះនៅឯតំបន់ដែនទឹកយុទ្ធសាស្ត្រមួយនេះ។
បន្ថែមពីលើខាងនេះ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ក្រសួងការបរទេសអាមេរិកក៏បានប្រកាសផងដែរថា ខ្លួននឹងរឹតត្បិតទិដ្ឋាការ លើមន្ត្រីចិនជាច្រើននាក់ផងដែរ ដែលមានជាប់ពាក់ព័ន្ធ ឬទទួលខុសត្រូវលើ សកម្មភាពយោធារបស់ចិន ដែលជាការគំរាមកំហែងដល់ប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងមានជម្លោះដែនទឹកជាមួយចិន។

ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យស្ថានទូតចិន ប្រចាំសហរដ្ឋអាមេរិក បានទាត់ចោលរាល់ការចោទប្រកាន់ទាំងអស់ ហើយថែមទាំងថ្កោលទោស ការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកទៀតផង ដោយចាត់ទុកថា វាជាទង្វើមិនសមហេតុផល ដែលទីក្រុងវ៉ាស៊ីនតោនគួរតែកែតម្រូវវិញភ្លាមៗ៕