(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Politico បានចេញផ្សាយ នៅថ្ងៃពុធសប្តាហ៍នេះថា កងទ័ពអាមេរិកសរុប ០៤នាក់បានរងរបួស បន្ទាប់ពីរថពាសដែករបស់ពួកគេ ត្រូវបានរថពាសដែកយោធារុស្ស៊ីបុកចំ នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃអង្គារ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍ពីទីបញ្ជាការកណ្តាល នៃយោធាអាមេរិកប្រចាំតំបន់ខាងលើ ត្រូវបានដកស្រង់យ៉ាងដូច្នេះថា នាយទាហានអាមេរិកទាំង ០៤នាក់ បានទទួលរងរបួសធ្ងន់គួរសម និងកំពុងទទួលការព្យាបាល ក្រោយពីរថពាសដែករបស់ពួកគេ ត្រូវបានរថពាសដែករុស្ស៊ីបើកប្រដេញ និងបុកដោយចេតនា ស្ថិតនៅខេត្តភាគខាងជើងប្រទេសស៊ីរី។

បើតាមខ្សែវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter គេបានឃើញរថពាសដែកយោធាអាមេរិក និងរុស្ស៊ីជិះប្រដេញគ្នា ហើយព្យាយាមរារាំងផ្លូវគ្នាទៅវិញទៅមក ខណៈឧទ្ធម្ភាគចក្រយោធារុស្ស៊ី មួយគ្រឿង កំពុងហោះប្រដេញពីលើ។ មន្ទីរបញ្ចកោណអាមេរិក បានបដិសេធក្នុងនិយាយ ឬបញ្ជាក់ការពិតពាក់ព័ន្ធវីដេអូនេះ។

គួរបញ្ជាក់ថា ក្រោយហេតុការណ៍ខាងលើនេះកើតឡើង ប្រធានសេនានុព័ន្ធយោធាអាមេរិកប្រចាំនៅក្នុងតំបន់ លោក ម៉ាក មីល្លេយ (Mark Milley) បានទូរស័ព្ទដោយផ្ទាល់ ទៅកាន់សមភាគីរុស្ស៊ីលោក វ៉ាឡឺរី ហ្គែរ៉ាស៊ីម៉ូវ ( Valery Gerasimov) ហើយភាគីទាំងពីរបានឈានដល់ការសន្យា រក្សាឲ្យបាននូវកិច្ចសន្ទនាជាសម្ងាត់៕