(តូក្យូ)៖ ក្រុមមន្ត្រីជប៉ុន បាននិយាយថា ការជីកកកាយកន្លែងមួយនៅភាគខាងលិចទីក្រុងអូសាកា (Osaka) បានប្រទះឃើញគ្រោងឆ្អឹងមនុស្សច្រើនជាង ១,៥០០នាក់ ដែល គេគិតថាជាកន្លែងបញ្ចុះសព មានអាយុកាលប្រហែល ១៦០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។

ទីបញ្ចុះសពខាងលើ មានឈ្មោះថា Umeda Tomb ត្រូវបានគេជឿថាជាកន្លែងមួយក្នុងចំណោមកន្លែងបញ្ចុះសពប្រវត្តិសាស្រ្តចំនួន ០៧កាលពីចន្លោះទសវត្សរឆ្នាំ១៨៥០ ដល់ ១៨៦០។ ទន្ទឹមនឹងនេះ សមាគមវប្បធម៌ទីក្រុងអូសាកា បានឱ្យដឹងថា សាកសពដែលត្រូវបានកប់នៅកន្លែងនោះ ទំនងជាអ្នកស្រុកមកពីតំបន់ជុំវិញ Osaka Castle ដែលភាគច្រើនស្ថិតក្នុងវ័យ ៣០ឆ្នាំ និងក្មេងតូចៗ។ សាកសពខ្លះ ហាក់បីដូចជាមានរោគសញ្ញានៃជំងឺឆ្លងនៅលើប្រអប់ដៃ និងជើងរបស់ពួកគេ។

គួរបញ្ជាក់ សាកសពជាច្រើនខាងលើដែលត្រូវបានគេរកឃើញនៅក្នុងផ្នូរ ត្រូវបានក្រុមអ្នកជំនាញជឿជាក់ថា ត្រូវបានបញ្ចុះជាមួយគ្នាដោយសារតែការ ស្លាប់របស់ពួកគេអាចទាក់ទងនឹងជំងឺឆ្លងរាតត្បាត៕