(អាមេរិក)៖ បាតុកម្ម និងភាពចលាចលនៅក្នុងទីក្រុងខិនណូហ្សា (Kenosha) នៃរដ្ឋវីសខុនសិន (Wisconsin) នៅតែបន្តកើតមានដដែល ដោយបានឈានចូលដល់ថ្ងៃទី ៣ ហើយខណៈការប៉ះទង្គិចគ្នា និងអំពើហិង្សាមានសភាកាន់តែធ្ងន់ធ្ងរជាងមុន ដោយប្រព័ន្ធផ្សព្វផ្សាយ នៅសហរដ្ឋអាមេរិកផ្ទាល់បានរាយការណ៍ថា មានមនុស្សម្នាក់ត្រូវបានបាញ់ស្លាប់ និង ០២នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។

បាតុកម្មក្នុងទីក្រុងខិនណូហ្សា កាលពីយប់ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដំបូងឡើយ ធ្វើឡើងដោយសន្តិវិធី។ ប៉ុន្តែក្រោយមកគេឃើញមានបាតុករខ្លះ បានបំពានបំរាមគោចរនៅម៉ោង ៨៖០០នាទីយប់ ដោយពួកគេបានព្យាយាមធ្វើដំណើរ តម្រង់ទៅកាន់អគារតុលារមួយ។ ក្រោយមកទៀត នៅពេលមនុស្សរាប់សិបនាក់ ព្យាយាមផ្តួលរំលំរបងការពារ នៅខាងមុខនៃអគារតុលារ កងប៉ូលិសក៏បានសម្រេចចិត្ត ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងបាតុករ ដែលបានប្រើប្រាស់អំពើហិង្សា ដោយគប់ដុំថ្មទៅលើអាជ្ញាធរ។

បន្តមកទៀតនៅម៉ោង ៩៖៣០នាទីយប់ថ្ងៃអង្គារ ទី២៥ ខែសីហា (ម៉ោងនៅរដ្ឋវីសខុនសិន) រថពាសដែកជាច្រើនគ្រឿងត្រូវបានដាក់ពង្រាយ រីឯប៉ូលិសបានបំបែកហ្វូងបាតុករ ឱ្យចេញពីឧទ្យានមួយនៅមុនម៉ោង ១០៖០០នាទីយប់ថ្ងៃដដែល ដោយសារពួកគេមិនព្រមស្ដាប់ការព្រមានពីប៉ូលិស។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក New York Times អាជ្ញាធរក្រុង Kenosha បានប្រកាសថា មនុស្សសរុប ០៣នាក់បាន រងរបួសដោយសារគ្រាប់កាំភ្លើង ហើយក្រោយមកម្នាក់ក្នុងចំណោមពួកគេបានស្លាប់។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ប៉ូលិសកំពុងបើកស៉ើបអង្កេតថា តើការបាញ់ប្រហារនេះ កើតចេញពីក្រុមជនស៉ីវិលប្រដាប់ដោយអាវុធ ដែលព្យាយាមការពារទ្រព្យសម្បត្តិរបស់ពួកគេ ហើយបាញ់មកលើបាតុករ ឬមួយក៏យ៉ាងណា។

គួរជម្រាបថា បាតុកម្មតវ៉ានៅក្នុងទីក្រុង Kenosha បានផ្ទុះឡើង ក្រោយវីដេអូមួយបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យកន្លងទៅ បង្ហាញថាបុរសស្បែកខ្មៅម្នាក់ឈ្មោះ ហ្សាខូប ប្លេក (Jacob Blake) ត្រូវបានប៉ូលិសស្បែកសម្នាក់ បាញ់ចំខ្នងជាច្រើនគ្រាប់ កំឡុងបុរសរូបនេះកំពុងព្យាយាមដើរចូលក្នុងរថយន្ដវិញ។ កូនទាំងបីនាក់របស់លោក Blake នៅក្នុងរថយន្ដបានឃើញឪពុករបស់ខ្លួន រងការបាញ់ប្រហារដោយផ្ទាល់ភ្នែក។

បច្ចុប្បន្នបុរសស្បែកខ្មៅរូបនេះ ដែលមានអាយុ ២៩ឆ្នាំ កំពុងសម្រាកព្យាបាលក្នុងទីក្រុង មីលវ៉ូគី (Milwaukee) ដោយស្ថិតក្នុងស្ថានភាពនឹងនរ ក្នុងបន្ទប់សង្រ្គោះបន្ទាន់ ក្រោយទទួលការវះកាត់រួចរាល់។ ចំណែកឯមន្ត្រីប៉ូលិស ០២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះត្រូវបានព្យួរ ការងារជាបណ្ដោះអាសន្ន ហើយការស៊ើបអង្កេតមួយត្រូវរៀបចំឡើង ដើម្បីរកការពិតថាតើហេតុអ្វីបានជា Jacob Blake ត្រូវប៉ូលិសបាញ់ប្រហារ៕