(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាឲ្យ ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងសេអ៊ូល ត្រឡប់ទៅធ្វើការងារជាធម្មតាវិញនៅថ្ងៃពុធនេះ ខណៈដែលពួកគេបានចាប់ផ្តើមធ្វើកូដកម្ម អស់រយៈពេល ០៣ថ្ងៃមកហើយ ដើម្បីប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាល ក្នុងនោះរួមមានការបង្កើនចំនួនវេជ្ជបណ្ឌិត ដើម្បីដោះស្រាយវិបត្តិសុខាភាពសាធារណៈ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។

កូដកម្មនេះកើតឡើងស្របពេលដែល ប្រទេសកូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងវិញនៃអត្រាឆ្លងជំងឺ COVID-19 ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លង COVID-19 ថ្មីចំនួន ៣២០នាក់បន្ថែមទៀត។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ការដើរចេញមិនព្រមធ្វើការ របស់ក្រុមវេជ្ជបណ្ឌិតនៅថ្ងៃពុធនេះ បានបង្ខំឲ្យមន្ទីរពេទ្យធំៗចំនួន ០៥ ដាក់កម្រិតលើម៉ោងធ្វើការ និងពន្យារពេលនៃការវះកាត់ផងដែរ។ កាលពីដើមសប្តាហ៍នេះ ក្រុមវេជ្ជបណ្ឌិតបានឈានដល់កិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលដើម្បីបន្តព្យាបាលអ្នកជំងឺ COVID-19 ប៉ុន្តែពួកគេនៅតែបន្តខ្វែងគំនិតគ្នា លើបញ្ហាធំៗមួយចំនួនដដែល។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងលោក ផាក នុងហ៊ូ (Park Neung-hoo) បានទទូចឲ្យក្រុមវេជ្ជបណ្ឌិត ដែលកំពុងហ្វឹកហ្វឺន និងវេជ្ជបណ្ឌិតទូទៅទាំងអស់ ឲ្យត្រឡប់ទៅធ្វើការវិញជាបន្ទាន់។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា សមាគមវេជ្ជសាស្រ្តកូរ៉េ (KMA) និងសមាគមអ្នកហាត់ការវេជ្ជសាស្រ្តកូរ៉េ (KIRA) បានច្រានចោលសំណើជាច្រើនរបស់រដ្ឋាភិបាល។

នៅក្នុងសេចក្តីថ្លែងការណ៍ KMA បានគូសបញ្ជាក់ថា សហគមន៍វេជ្ជសាស្ត្រ នៅតែបន្តបើកចំហចំពោះគ្រប់លទ្ធភាពទាំងអស់ ក្នុងការពិភាក្សាជាមួយរដ្ឋាភិបាល ហើយពួកយើងក៏មិនចង់​បន្តធ្វើកូដកម្មនោះដែរ។ យើងពិតជាចង់វិល ត្រឡប់ទៅធ្វើការវិញណាស់ តែយើងស្នើសុំឲ្យសាធារណជន ស្តាប់ការព្រួយបារម្ភរបស់យើង ទើបយើងអាចជួបអ្នកជំងឺរបស់យើង ក្នុងពេលឆាប់នេះតាមដែលអាចធ្វើបាន។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងមានគម្រោង ក្នុងការបង្កើនចំនួននិស្សិតពេទ្យចំនួន ៤,០០០នាក់បន្ថែមទៀត នៅក្នុងរយៈពេល ១០ឆ្នាំទៅមុខ ដើម្បីត្រៀមខ្លួនឲ្យបានល្អ​សម្រាប់វិបត្តិសុខាបាលសាធារណៈ នាពេលខាងមុន។ ដោយឡែក និស្សិតពេទ្យបាននិយាយថា ផែនការនេះនឹងជះឥទ្ធិពលកាន់តែខ្លាំង​លើទីផ្សារគ្រូពេទ្យ​ដែលបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងខ្ពស់។ ក្រុមនិស្សិតបានបន្តទៀតថា មូលនិធិបន្ថែមនេះ គួរតែចំណាយលើប្រាក់ខែរបស់វេជ្ជបណ្ឌិតដែលមានស្រាប់ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យផ្លាស់ចេញពីទីក្រុងសេអ៊ូលទៅតាមតំបន់ជនបទ ដែលកំពុងត្រូវការអ្នកជំនាញផ្នែកសុខភាពបន្ថែម៕