(ប៉េកាំង)៖ ទីភ្នាក់ងារអង្កេតខ្យល់ព្យុះរបស់ចិននៅថ្ងៃពុធនេះ បានបង្កើនការប្រកាសអាសន្ន ដល់កម្រិតពណ៌ទឹកក្រូច ចំពោះព្យុះទីហ្វុងប៉ាវី (Bavi) ដែលត្រូវគេរំពឹងថា នឹងវាយប្រហារខេត្តជាច្រើននៅតាមតំបន់ឆ្នេរ ភាគខាងកើត និងឦសានប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិនបានឲ្យដឹងថា នេះជាព្យុះទីហ្វុងទី ៨ ហើយសម្រាប់ឆ្នាំ២០២០ ដែលត្រូវអង្កេតឃើញថា ស្ថិតនៅចម្ងាយ ៨៩០គីឡូម៉ែត្រពីខាងត្បូងព្រំដែនចិន-កូរ៉េខាងជើង កាលពីវេលាម៉ោង ៥៖០០ព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) និងមានកម្លាំងខ្យល់អតិបរមា ៤៥ម៉ែត្រក្នុងមួយវិនាទី។

មជ្ឈមណ្ឌលឧតុនិយមជាតិចិនរំពឹងថា ព្យុះទីហ្វុងនេះនឹងធ្វើដំណើរ ឆ្ពោះទៅទិសខាងជើងក្នុងល្បឿនពី ២០-២៥គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលវាយប្រហារទៅលើតំបន់ឆ្នេរ នៅចន្លោះភាគខាងកើតនៃខេត្តលាវនីង (Liaoning) និងឆ្នេរខាងលិចនៃប្រទេសកូរ៉េខាងជើង។

មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានចេញផ្សាយព័ត៌មានទៀតថា ចាប់ពីព្រឹកថ្ងៃពុធ ទៅដល់ព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ព្យុះនេះនឹងវាយប្រហារ នៅតាមតំបន់ឆ្នេរមួយចំនួនរួមមាន កោះតៃវ៉ាន់, ខេត្តហ្វូចៀន (Fujian) និងខេត្ត ជីជាំង (Zhejiang) ផងដែរ។ ទន្ទឹងគ្នានេះ តំបន់ខ្លះទៀតនៃខេត្ត ជីលីន (Jilin) និងខេត្ត ហឺប៉ី (Hebei) នឹងមានភ្លៀងធ្លាក់រហូតដល់ ១៨០មីលីម៉ែត្រ។

នៅចំពោះមុនបញ្ហាខាងលើនេះ អាជ្ញាធរចិនបានចេញការណែនាំដល់ប្រជាជន នៅតាមមុខព្រួញនៃព្យុះទីហ្វុង ឲ្យជម្លៀសចេញទៅរកទីកន្លែងសុវត្តិភាព។ ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្ន ពីគ្រោះធម្មជាតិចំនួន ០៤កម្រិត ដែលពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌ទឹកក្រូច (បង្គួរ) បន្ទាប់មកទៀតពណ៌លឿង (មធ្យម) និងចុងក្រោយពណ៌ខៀវ ដែលជាកម្រិតធូរស្រាលជាងគេ។

ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងជើងវិញ កិច្ចប្រជុំមួយក៏ត្រូវបានធ្វើឡើងផងដែរ កាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីត្រៀមខ្លួនទប់ទល់ព្យុះទីហ្វុង Bavi ដែលនឹងបោកបក់ទៅលើតំបន់ឆ្នេរ នៃភាគខាងលិចរបស់ខ្លួន។ កូរ៉េខាងជើងក៏បានរងគ្រោះ ដោយព្យុះភ្លៀង និងទឹកជំនន់ធ្ងន់ធ្ងររួចមកហើយដែរ កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែប្រទេសអាស៊ីបូព៌ាមួយនេះ មិនបានប្រកាសអំពីទំហំនៃការខូចខាត ឬក៏ចំនួនមនុស្សរងគ្រោះនោះឡើយ៕