(ប៉េកាំង)៖ ចិនបានដាក់កំណត់ទូតតវ៉ា និងថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការបញ្ជូនយន្ដហោះស៊ើបការណ៍ U-2 មួយគ្រឿងចូលមកក្នុង «តំបន់មិនអនុញ្ញាតការហោះហើរ» ដើម្បីតាមដានការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត របស់កងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃអង្គារម្សិលមិញ ចំពេលមហាអំណាចទាំង ២ កំពុងបង្កើនសកម្មភាពយោធា​នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។

នេះមិនមែនជារឿងចម្លែកនោះទេ ដ្បិតចិនបានថ្កោលទោស សកម្មភាពស៊ើបការណ៍របស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ គ្រាន់តែថាការបញ្ចេញប្រតិកម្ម ជាសាធារណៈតែម្តងនៅពេលនេះ គឺជារឿងដ៏កម្រមួយ។ បើតាមក្រសួងការពារជាតិចិន យន្ដហោះស៊ើបការណ៍អាមេរិកប្រភេទ U-2 មួយគ្រឿង បានហោះចូលក្នុងតំបន់គ្មានការហោះហើរ ដោយគ្មានការអនុញ្ញាត នៅតំបន់យោធាភូមិភាគខាងជើងប្រទេសចិន ជាទីដែលកងទ័ព PLA ដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត។

ក្រសួងការពារជាតិចិន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក៏បានថ្កោលទោស និងចាត់ទុកផងដែរថា សកម្មភាពបែបនេះរបស់សហរដ្ឋអាមេរិក គឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរ និងលូកលាន់សកម្មភាពធ្វើសមយុទ្ធយោធា ជាធម្មតារបស់ចិន។ តែយ៉ាងណាក៏ដោយ យោធាអាមេរិកបានអះអាងថា យន្ដហោះ U-2 របស់ខ្លួនបានដឹកនាំប្រតិបត្តិការហោះហើរ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយគោរពតាមច្បាប់អន្តរជាតិ និងច្បាប់ហោះហើរយ៉ាងខ្ជាប់ខ្ជួន។

គួរជម្រាបថា យន្ដហោះស៊ើបការណ៍អាមេរិក U-2 មានសមត្ថភាពហោះហើរក្នុងរយៈកម្ពស់ ៧០,០០០ហ្វីត ឬ ២១,៣៣៦ម៉ែត្រ ព្រមទាំងអាចធ្វើសកម្មភាពស៊ើបការណ៍ពីចម្ងាយ ដោយមិនចាំបាច់ចូលទៅក្នុង តំបន់គ្មានការហោះហើរក៏បាន។ ទោះជាយ៉ាងណា ក្រសួងការពារជាតិចិនមិនបានបញ្ជាក់លម្អិតថា តើឧបទ្ទវហេតុខាងលើ បានកើតឡើងនៅតំបន់ណាឱ្យប្រាកដឡើយ តែបច្ចុប្បន្នចិនកំពុងដឹកនាំការធ្វើសមយុទ្ធយោធា​នៅតំបន់សមុទ្រ ប៉ូហៃ (Bohai), តំបន់សមុទ្រលឿង និងសមុទ្រចិនខាងត្បូង៕