(អាស្ប៉ាញ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានលើកឡើងថា នឹងអំពាវនាវដល់កងកម្លាំង យោធាឲ្យជួយកំណត់អត្តសញ្ញាណបុគ្គលដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ COVID-19 ជាផ្នែកមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងដ៏កាច សាហាវមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Pedro Sanchez បានឱ្យដឹងទៀតថា រដ្ឋាភិបាលរបស់លោកនឹងចាត់តាំងកងទ័ពចំនួន ២,០០០នាក់ ដែលបានទទួល ការបណ្តុះបណ្តាល ឱ្យចុះទៅតំបន់ដែលមានករណីឆ្លង COVID-19 ខ្លាំង ដើម្បីទទួលខុសត្រូវលើការតាមដាន និងទប់ស្កាត់ការកើនឡើងនៃករណីឆ្លង។ នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីរូបនេះ ថែមទាំងបានប្រកាសផងដែរថា អាជ្ញាធរក្នុងតំបន់អាចស្នើសុំរដ្ឋាភិបាលកណ្តាល ដើម្បីដាក់តំបន់ណាមួយទៅក្នុង ស្ថានភាពអាសន្នបាន ប្រសិនបើចាំបាច់។

គួរជម្រាបថា អេស្ប៉ាញជាប្រទេសមួយ ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារ COVID-19 នៅអឺរ៉ុបខាងលិច បានប្រកាសភាពអាសន្ននៅទូទាំងប្រទេស កាលពីពាក់ កណ្តាលខែមីនា ជាពេលដែលប្រទេសនេះ កំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងបំផុត នៃចំនួនករណីឆ្លងនិងស្លាប់។ អេស្ប៉ាញមាន ករណីឆ្លងសរុបជាង ៤២ម៉ឺននាក់ ក្នុងនោះស្លាប់ជិត ២.៩ពាន់នាក់៕