(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រភពពីមនុស្សជំនិតរបស់លោក អាបេ ស៊ីនហ្សូ នាថ្ងៃអង្គារនេះ បានបង្ហើបឲ្យដឹងថា លោក អាបេ ទំនងជានឹងនៅបន្តកាន់តំណែង ជាប្រធានគណបក្សកាន់អំណាច ព្រមទាំងជានាយករដ្ឋមន្រ្តីជប៉ុនដដែល រហូតដល់ចប់អាណត្តិនៅខែកញ្ញា ឆ្នាំ២០២១។

២៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យសាលារៀន និងសាលាមត្តេយ្យទាំងអស់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះឲ្យផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញវិញ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 កាន់តែខ្លាំង។

៣៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហឺ (Liu He) សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអ្នកដឹកនាំក្រុមអ្នកចរចាចិន សម្រាប់កិច្ចពិភាក្សា-ចរចាពាណិជ្ជកម្ម បានបើកកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក រ៉ូប៊ឺត ឡៃថាយហ្សឺ (Robert Lighthizer) និងរដ្ឋមន្ត្រីរតនាគារអាមេរិកលោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) នៅព្រឹកថ្ងៃអង្គារនេះ។

៤៖ លោក ដូណាល់ ត្រាំ ត្រូវបានគណបក្សសាធារណរដ្ឋតែងតាំងជាផ្លូវការហើយ ក្នុងនាមជាបេក្ខជនប្រធានាធិបតីអាមេរិក ដែលនឹងត្រូវចូលរួមប្រកួត ប្រជែងតទល់ជាមួយបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នៅក្នុងការបោះឆ្នោត ដែលនឹងឈានចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។

៥៖ ក្រុមហ៊ុន Facebook នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ខ្លួនគ្រោងនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីតតាំងនឹងរដ្ឋាភិបាលថៃវិញ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្ស របស់សហរដ្ឋអាមេរិកមួយនេះ ត្រូវបានបង្គាប់ឱ្យបិទ ឬ block ក្រុមជជែកពិភាក្សាមួយមានសមាជិក ១លាននាក់ ដែលតែងតែនាំគ្នាជជែក និងរិះគន់ព្រះមហាក្សត្រថៃ។

៦៖ ក្រុមជំនាញនៃយោធាលីបង់ និងអ្នកជំនាញមកពីប្រទេសបារាំង បានរកឃើញកុងតឺន័រចំនួន ៧៩ទូ មានផ្ទុកទៅដោយសារធាតុគីមីគ្រោះថ្នាក់ តម្កល់ទុកនៅកំពង់ផែទីក្រុងបេរូត ដែលទើបទទួលរងករណីផ្ទុះដ៏កក្រើក កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០៕