(ម៉ុមបៃ)៖ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួនជាង ៦០,០០០ករណីបន្ថែម សម្រាប់រយៈពេល៧ថ្ងៃជាប់ៗគ្នាហើយ ស្របពេលដែលការឆ្លងបានរីករាលដាល ពីទីក្រុងមួយទៅទីក្រុងមួយជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៦០,៩៧៥ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ខ្ទង់៣.១៧លានករណីហើយ ខណៈអ្នកស្លាប់ក៏បានកើនដល់ ៥៨,៣៩០នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មីចំនួន ៨៤៨នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា។

គួរជម្រាបថា បច្ចុប្បន្ននៅមានអ្នកជំងឺ COVID-19 សរុបជាង ៧សែននាក់ទៀត ដែលកំពុងបន្តសម្រាកព្យាបាលក្នុងប្រទេសឥណ្ឌា ដោយជាង ២.៤លាននាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ អាជ្ញាធរឥណ្ឌាបានធ្វើតេស្តរក COVID-19 លើសំណាកសរុបជិត៣៧លានសំណាក។

ប៉ុន្មានសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌាបានផ្តោតជាខ្លាំងក្នុងការបង្កើនការធ្វើតេស្ត COVID-19 នៅក្នុងប្រទេស ហើយទន្ទឹមគ្នានេះ ឥណ្ឌាក៏កំពុងប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំងដោយខ្លួនឯង ដើម្បីការពារប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងរាតត្បាតជាសកលនេះផងដែរ៕