(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានរិះគន់ធ្ងន់ៗជាថ្មីទៅលើក្រុមអ្នកកាសែត នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំដែលទើបជាសះស្បើយពីជំងឺ COVID-19 រូបនេះបានគំរាម «ដាល់អ្នកយកព័ត៌មានម្នាក់» ដែលបានសួរលោកអំពីការចោទប្រកាន់ រឿងពុករលួយពាក់ព័ន្ធនឹងភរិយាលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

ការផ្ទុះកំហឹងនេះបានកើតឡើង តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Bolsonaro បានគំរាមអ្នកសារព័ត៌មានម្នាក់ ដែលបានសួរនាំអំពីការចោទប្រកាន់ភរិយារបស់លោក គឺលោកស្រី មីឈែល (Michelle) ជុំវិញការស៊ើបអង្កេតរឿងអំពើពុករលួយ។ លោក Bolsonaro បាននិយាយទៅកាន់ អ្នកយកព័ត៌មាន ឲ្យកាសែតឈានមុខគេរបស់ប្រេស៊ីល អូគ្លូបូ (O Globo) យ៉ាងដូច្នេះថា ‍«ខ្ញុំចង់ដាល់កញ្ចប់មាត់របស់អ្នក»

គួរបញ្ជាក់ថា លោក Bolsonaro ត្រូវបានគេស្គាល់ថាជា ដូណាល់ ត្រាំ នៅអាមេរិកខាងត្បូង និងតែងតែបង្កភាពតានតឹងជាមួយអ្នកសារព័ត៌មាន ចាប់តាំងពីចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ បើយោងតាមសហព័ន្ធអ្នកកាសែតជាតិប្រេស៊ីល បានឲ្យដឹងថា
កាលពីឆ្នាំមុន លោក Bolsonaro បានធ្វើការវាយប្រហារដោយពាក្យសម្តី លើប្រព័ន្ធផ្សព្វផ្សាយសរុបចំនួន ១១៦ដង៕