(អាមេរិក)៖ ប៉ូលិលអាមេរិកកំពុងប្រឈមមុខ ជាមួយក្រុមបាតុកររាប់រយនាក់ ដែលនាំគ្នាធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី មុននឹងបំរាមគោចរមួយត្រូវចូលជាធរមាន នៅក្នុងទីក្រុងខិនណូហ្សា (Kenosha) នៃវីសខុនសិន (Wisconsin) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈកំហឹងកំពុងផ្ទុះឡើងជាថ្មី នៅក្នុងសហរដ្ឋអាមេរិក ក្រោយបុរសស្បែកខ្មៅម្នាក់ទៀត ត្រូវប៉ូលិសស្បែកសម្នាក់បាញ់ប្រហារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

បាតុកម្មតវ៉ានៅក្នុងទីក្រុង Kenosha បានឈានចូលថ្ងៃទី ២ ហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយវីដេអូមួយបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យកន្លងទៅ បង្ហាញថា បុរសស្បែកខ្មៅម្នាក់ឈ្មោះ ហ្សាខូប ប្លេក (Jacob Blake) ត្រូវបានប៉ូលិសស្បែកសម្នាក់ បាញ់ចំខ្នងជាច្រើនគ្រាប់ កំឡុងបុរសរូបនេះកំពុងព្យាយាមដើរចូលក្នុងរថយន្ដវិញ ខណៈកូនបីនាក់នៅក្នុងរថយន្ដ បានឃើញឪពុករបស់ពួកគេ រងការបាញ់ប្រហារដោយផ្ទាល់ភ្នែក។

ក្រុមបាតុករបានប្រមូលផ្ដុំគ្នា នៅខាងមុខអគារតុលាការមួយក្នុងទីក្រុង Kenosha ដើម្បីទាមទាររកយុត្តិធម៌ឱ្យ Jacob Blake ហើយប៉ូលិសរាប់សិបនាក់ ក៏ត្រូវបានដាក់ពង្រាយផងដែរ ដោយខ្លះនៅលើដំបូលអគារ រីឯឧទ្ធម្ភាគចក្របានហោះឆ្វែលពីលើក្រុមបាតុករ។

គួរបញ្ជាក់ថា បុរសស្បែកខ្មៅខាងលើនេះមានអាយុ ២៩ឆ្នាំ កំពុងសម្រាកព្យាបាលក្នុងទីក្រុង មីលវ៉ូគី (Milwaukee) ដោយស្ថិតនៅក្នុងស្ថានភាពនឹងនរ ក្នុងបន្ទប់សង្រ្គោះបន្ទាន់ ក្រោយទទួលការវះកាត់រួចរាល់។ ចំណែកឯ មន្ត្រីប៉ូលិស ០២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ត្រូវបានព្យួរការងារជាបណ្ដោះអាសន្ន ហើយការស៊ើបអង្កេតមួយត្រូវរៀបចំឡើង ដើម្បីរកការពិតថាតើហេតុអ្វីបានជា Jacob Blake ត្រូវប៉ូលិសបាញ់ប្រហារ៕