(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហឺ (Liu He) សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអ្នកដឹកនាំក្រុមអ្នកចរចាចិន សម្រាប់កិច្ចពិភាក្សា-ចរចាពាណិជ្ជកម្ម បានបើកកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក រ៉ូប៊ឺត ឡៃថាយហ្សឺ (Robert Lighthizer) និងរដ្ឋមន្ត្រីរតនាគារអាមេរិកលោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

ភាគីទាំងពីរបានជជែកគ្នា ប្រកបដោយលក្ខណៈស្ថាបនា ទៅលើបញ្ហាមួយចំនួនដូចជា ការពង្រឹងពាណិជ្ជកម្មទ្វេភាគី នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងចិន និងអាមេរិក។ ទន្ទឹងគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ឲ្យបង្កើតលក្ខខណ្ឌ និងបរិយាកាសល្អ ដើម្បីដោះស្រាយលើភាពខ្វែងគំនិត និងជាពិសេសដើម្បីបន្តឆ្ពោះទៅរកការសម្រេចបាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ថ្លៃថ្នូរ រវាងភាគទាំងពីរផងដែរ។

គួរបញ្ជាក់ថា ក្រៅពីការលើកឡើងខាងលើនេះ ទាំងខាងចិន និងអាមេរិក​នៅមិនទាន់កំណត់ថា តើត្រូវជួបពិភាក្សាជាថ្មីនៅពេលណាឲ្យប្រាកដនោះឡើយ ខណៈសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា នៅតែបន្តដាក់សម្ពាធកាន់តែខ្លាំងឡើងៗ លើវិស័យពាណិជ្ជកម្មជាមួយចិន ជាពិសេសទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ដែលកំពុងប្រឈមមុខបំរាម និងការទណ្ឌកម្មជាបន្តបន្ទាប់ដដែល៕