(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ ត្រូវបានគណបក្សសាធារណរដ្ឋតែងតាំងជាផ្លូវការហើយ ក្នុងនាមជាបេក្ខជនប្រធានាធិបតីអាមេរិក ដែលនឹងត្រូវចូលរួមប្រកួត ប្រជែងតទល់ជាមួយបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នៅក្នុងការបោះឆ្នោត ដែលនឹងឈានចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

ការប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងនៅក្នុងសមាជបក្ស ដែលបានចាប់ផ្ដើមប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងទីក្រុង ឆាឡុត (Charlotte) នៃរដ្ឋណតស៍ខារ៉ូលីណា (North Carolina) ជាទីដែលលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ឱកាសសមាជបក្សនេះ ដើម្បីស្ដារប្រជាប្រិយភាព និងប្រមូលផ្ដុំកម្លាំងអ្នកគាំទ្រឡើងវិញ បន្ទាប់ពីលោកចាញ់លោក ចូ បៃដិន នៅក្នុងការស្ទង់មតិ ជាច្រើននាពេលកន្លងមក។

នៅក្នុងសមាជបក្សថ្ងៃដំបូងនោះដែរ លោក ដូណាល់ ត្រាំ នៅតែអះអាងដោយមិនមានភស្ដុតាង មកបញ្ជាក់ដដែលថា ការបោះឆ្នោតតាមប្រអប់សំបុត្រប្រៃសនីយ៍ នឹងនាំទៅរកការបន្លំសន្លឹកឆ្នោត។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វិធីតែមួយគត់ ដែលពួកគេអាចយកឈ្នះយើងបាន នោះគឺការក្លែងបន្លំសន្លឹកឆ្នោត... ប៉ុន្តែយើងនឹងទទួលបានជ័យជម្នះ»។

គួរជម្រាបថា ខណៈការឆ្លងរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាមេរិក នៅមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងនៅឡើយ ព័ត៌មានល្អសម្រាប់លោក ដូណាល់ ត្រាំ ក្នុង ការស្ដារប្រជាប្រិយភាពឡើងវិញ ក៏នៅមានតិចតួចផងដែរ ស្របពេលការដឹកនាំរបស់លោក ក្នុងនាមជាប្រធានាធិបតីត្រូវបានលោក ចូ បៃដិន និងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា រិះគន់ដោយឥតសម្ចៃមាត់ នៅឯសមាជបក្សប្រជាធិបតេយ្យកាលពីសប្ដាហ៍មុន។ នេះមិនទាន់រាប់បញ្ចូលទាំងរឿងអាស្រូវដែលលោក ត្រាំ ខ្លួនឯងបង្កឡើងផង៕