(រ៉ូម)៖ អ៊ីតាលីនៅថ្ងៃចន្ទនេះ បានចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួនជាដំណាក់កាលដំបូងទៅលើមនុស្ស ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការស្វែងរកវ៉ាក់សាំងការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

វ៉ាក់សាំង COVID-19 ដែលត្រូវបានជ្រើសរើសយកមកតេស្តលើមនុស្សខាងលើនេះ មានឈ្មោះថា GRAd-COV2។ វ៉ាក់សាំងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន ReiThera ដែលមានមូលដ្ឋាននៅក្នុងទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី។ ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា វិទ្យាស្ថាន Lazzaro Spallanzani ដែលជាមន្ទីរពេទ្យឯកទេសខាងជំងឺឆ្លង នឹងធ្វើតេស្តលើអ្នកស្ម័គ្រចិត្តចំនួន ៩០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយសង្ឃឹមថាវានឹងទទួលបានលទ្ធផលល្អ ហើយអាចនឹងមាននៅលើទីផ្សារនាឆ្នាំក្រោយ។

លោកវេជ្ជបណ្ឌិត Francesco Vaia ដែលជាប្រធានផ្នែកសុខភាពនៃវិទ្យាស្ថាន Lazzaro Spallanzani បាននិយាយថា អ្នកជំងឺដំបូងនឹងត្រូវបានតាមដានរយៈពេល៤ម៉ោង មុនអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ដែលនៅទីនោះគាត់នឹងត្រូវស្ថិតនៅក្រោមការឃ្លាំមើលក្នុងរយៈពេល ១២សប្តាហ៍បន្ថែមទៀត។

លោកវេជ្ជបណ្ឌិតរូបនេះ បានសង្កត់ធ្ងន់ថា «យើងនឹងពិនិត្យមើលពីផលរំខាន និងប្រសិទ្ធភាពរបស់វា ក្នុងការបង្កើតអង់ទីករការពារ COVID-19… ខណៈដែលការធ្វើតេស្តដំណាក់កាលទី២ អាចនឹងត្រូវធ្វើឡើងនៅក្នុងប្រទេស ដែលមានអត្រាអ្នកឆ្លងខ្ពស់ខ្លាំងដូចជាប្រទេសម៉ិចស៉ីកូ និងប្រេស៊ីលជាដើម»

គួរជម្រាបថា បច្ចុប្បន្នប្រទេសអ៊ីតាលីមានករណីឆ្លង COVID-19 សរុបប្រមាណជិត ២៦ម៉ឺនករណី ក្នុងនោះស្លាប់ជាង ៣.៥ម៉ឺននាក់ និងជាសះស្បើយជាង ២០ម៉ឺននាក់។ អ៉ីតាលីមានការឆ្លងរាលដាលខ្លាំងកាលពីចន្លោះខែមីនា និងខែមេសាកន្លងទៅ មុនពេលស្ថានការណ៍ បានអន់ថយទៅវិញ ក្រោយវិធានការបង្ការផ្សេងៗត្រូវបានដាក់ចេញ៕