(ញូដេលី)៖ នាយសេធិការការពារជាតិឥណ្ឌា លោកនាយឧត្តមសេនីយ Bipin Rawat បានបញ្ជាក់ច្បាស់ៗថាកងទ័ពឥណ្ឌា បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាពយោធាភ្លាមៗ ឆ្លើយតបទៅនឹងការឈ្លានពានជាថ្មីណាមួយពីសំណាក់កងទ័ពចិន នៅក្នុងតំបន់ជម្លោះព្រំដែន Ladakh។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

ការលើកឡើងខាងលើរបស់លោក Bipin Rawat ត្រូវបានដកស្រង់សម្ដីយកមកចុះផ្សាយបន្តដោយសារព័ត៌មានឥណ្ឌា Hindustan Times។ នៅក្នុងសម្រង់សម្ដីនេះ លោក Rawat បានបន្ថែមទៀតថាកងទ័ពឥណ្ឌាត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់ជម្រើសយោធាដោះស្រាយជាមួយចិន នៅក្នុងតំបន់ Ladakh ក្នុងករណីដែលកិច្ចចរចារវាងកងទ័ព និងការទូត នៃប្រទេសទាំង២ មិនមានលទ្ធផលជាទីគាប់ចិត្ត ជុំវិញតំបន់ជម្លោះព្រំដែនទេនោះ។ បើតាមសារព័ត៌មាន Hindustan Times រដ្ឋាភិបាលឥណ្ឌា ក៏គ្រោងនឹងបើកកិច្ចចារចាកម្រិតយោធាបន្ថែមផងដែរ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយចិន។ តែមិនទាន់មានការបញ្ជាក់ថាកិច្ចចរចានេះ នឹងត្រូវធ្វើឡើងនៅពេលណានោះទេ។

គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ កងទ័ពចិន និងកងទ័ពឥណ្ឌា បានផ្ទុះជម្លោះនឹងគ្នា នៅក្នុងតំបន់ជម្លោះព្រំដែន Ladakh ដោយបណ្ដោលឱ្យកងទ័ពឥណ្ឌា២០នាក់ បាត់បង់ជីវិត ខណៈចិនក៏បានទទួលស្គាល់ថាកងទ័ពរបស់ខ្លួន ក៏មានអ្នកស្លាប់និងរបួសដែរ តែមិនបានបញ្ជាក់តួលេខឡើយ៕