(ម៉ូស្គូ)៖ ប្រាម៉ូស អ៊ែរ៉ូស្ពេស (BrahMos Aerospace) ជាក្រុមហ៊ុនរួមគ្នារវាងរុស្សី និងឥណ្ឌាដែលផលិតមីស៊ីល ប្រាម៉ូស (BrahMos) បានអះអាងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរុស្សី និងឥណ្ឌា បានអនុញ្ញាតឲ្យខ្លួនលក់មីស៊ីលប្រភេទនេះ ទៅកាន់ប្រទេសទី ៣ហើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

អគ្គនាយកក្រុមហ៊ុន BrahMos Aerospace លោក ប្រាវីន ផាថាក់ (Praveen Pathak) បាននិយាយនៅខាងក្រៅវេទិកាកងទ័ពឆ្នាំ២០២០ ដែលរៀបចំដោយរុស្សីថា «ប្រទេសជាច្រើនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការទិញមីស៊ីល BrahMos។ ឥឡូវនេះ យើងកំពុងព្យាយាមសិក្សាដំណើរការ ទាំងឡាយ។ លើសពីនេះយើងក៏ទទួលបានលិខិតអនុញ្ញាត ឲ្យនាំចេញសព្វាវុធប្រភេទនេះ ពីសំណាក់រដ្ឋាភិបាលរុស្សី និងឥណ្ឌារួចហើយដែរ... យើងពិតជាសង្ឃឹមថា ការរីករាលដាលនៃ COVID-19 នឹងបញ្ចប់ទៅឆាប់ៗ ដែលអាចឲ្យយើងធ្វើសកម្មភាពនាំចេញបាន»

គួរជម្រាបថា ក្រុមហ៊ុន BrahMos Aerospace ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដែលជាការបណ្ដាក់ទុនរួមគ្នា របស់ក្រុមហ៊ុនអភិវឌ្ឍន៍រ៉ុក្កែត និងមីស៊ីលរុស្សី NPO ម៉ាស៊ីណូស្ត្រូយ៉េនីយ៉ា (NPO Mashinostroyeniya) ជាមួយនិងអង្គការស្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិរបស់ឥណ្ឌា៕