(សេអ៊ូល)៖ ទាហានអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ០៦នាក់ទៀតហើយ ត្រូវបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 ខណៈប្រទេសនេះកំពុងតែមានកង្វល់យ៉ាងខ្លាំង ជុំវិញការកើនឡើងនៃករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន កងកម្លាំងយោធាអាមេរិក ប្រចាំមូលដ្ឋានទ័ពនៅកូរ៉េខាងត្បូង ដែលហៅកាត់ថា USFK បានគូសបញ្ជាកយ៉ាងដូចច្នេះថា «សមាជិកសេវាកម្មនៃ USFK ចំនួន ០៦នាក់ ត្រូវបានបញ្ជាក់ថា ឆ្លង COVID-19 បន្ទាប់ពីពួកគេបានមកដល់ ប្រទេសកូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី១០ និងទី២១ ខែសីហាកន្លងទៅនេះ»។ យោធាអាមេរិក ០៤នាក់បានមកដល់មូលដ្ឋានទ័ពអាកាសអូសាន (Osan Air Base) នៅចន្លោះថ្ងៃទី១០ និង១៩ ខែសីហា តាមជើងហោះហើរ ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលអាមេរិក និងយោធា ០២នាក់ទៀត បានមកដល់អាកាសយានដ្ឋានអន្តរជាតិ អ៉ីនឈ័ន (Incheon) នៅចន្លោះថ្ងៃទី១២ និងទី២១ ខែសីហា តាមជើងហោះហើរពាណិជ្ជកម្ម។

គួរបញ្ជាក់តាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ឲ្យដឹងថា រហូតមកទល់ពេលនេះ តួលេខសរុបនៃទាហានអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានឆ្លង COVID-19 កើនដល់ ១៦៦នាក់ហើយ។ ព័ត៌មាននេះបានកើតឡើង ចំពេលដែលប្រទេសកូរ៉េខាងត្បូង កំពុងតែមានកង្វល់យ៉ាងខ្លាំង ជុំវិញការកើនឡើងវិញនៃករណីឆ្លងក្នុងស្រុក។ តាមរបាយការណ៍ចុងក្រោយ កូរ៉េខាងត្បូងមានករណីឆ្លងសរុប ១៧,៦៦៥ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣០៩នាក់ និងជាសះស្បើយចំនួន ១៤,២១៩នាក់៕