(សេអ៊ូល)៖ អតីតមន្ត្រីកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹង ហើយកិច្ចការទាំងឡាយរបស់ លោកត្រូវប្រគល់ឱ្យប្អូនស្រី គឺអ្នកនាង គីម យ៉ូ ចុង ជាអ្នកគ្រប់គ្រងជំនួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន FOX News នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

លោក Chang Song-min ដែលជាមនុស្សជំនិតម្នាក់របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង ធ្វើការកត់សម្គាល់ខាងលើ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ។ លោក Chang បានបន្ថែមទៀតថា លោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងស្ថានភាពសន្លប់បាត់ស្មារតី តែមិនប៉ះពាល់ដល់អាយុជីវិតឡើយ។ អតីតមន្ត្រី កូរ៉េខាងត្បូងរូបនេះ មិនបានបញ្ជាក់ថាតើលោកដឹងពីស្ថានភាពលោក គីម ដោយរបៀបណានោះទេ ប៉ុន្តែការអះអាងរបស់លោកកើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឱ្យដឹងថាលោក គីម បានប្រគល់អំណាចមួយផ្នែកឱ្យមនុស្សជំនិតរបស់លោក ក្នុងនោះរួមមានទាំងអ្នកនាង គីម យូ ចុង ផងដែរ។

គួររំលឹកថា កាលពីខែមេសាកន្លងទៅ លោក គីម ជុងអ៊ុន ក៏ធ្លាប់ត្រូវបានគេរាយការណ៍ផងដែរថាបានក្លាយជាមនុស្សរក្ខជាតិ និងខ្លះទៀតថាលោកបានស្លាប់ ក្រោយទទួល ការវះកាត់បេះដូង។ តែក្រោយបាត់ខ្លួនជិត ៣សប្ដាហ៍ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានបង្ហាញខ្លួនជាថ្មី កំឡុងពិធីសម្ពោធរោងចក្រផលិតជីមួយកន្លែងស្ថិតនៅក្បែរ ទីក្រុង ព្យុងយ៉ាង ដោយបានបិទបញ្ចប់ពាក្យចចាមអារ៉ាមនៅពេលនោះ។ តែទោះជាយ៉ាងណា លោក គីម នៅតែត្រូវបានគេជឿជាក់ថាមានបញ្ហាសុខភាព ដោយសារតែលោក ចូលចិត្តជក់បារី៕