(ម៉ូស្គូ)៖ ការផ្ទុះបំពង់ឧស្ម័នដ៏ធំមួយកន្លែង ស្ថិតនៅក្នុងរដ្ឋធានីដាម៉ាស់ បាននាំឱ្យដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេសស៊ីរី ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋអះអាងថា ការផ្ទុះនេះអាចមានជាប់ពាក់ព័ន្ធនឹង អំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ការផ្ទុះបំពង់ឧស្ម័នខាងលើ បានកើតឡើងនៅចន្លោះតំបន់ អេដ ឌូម៉ាយើ (Ad Dumayr) និងតំបន់ អាដ្រាន (Adra) ស្ថិតនៅជាយរដ្ឋធានីដាម៉ាស់ នៅព្រឹកថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ការផ្ទុះបំពង់ឧស្ម័នបែបនេះ គឺជាលើកទី ៦ ហើយនៅក្នុងតំបន់នេះ ប៉ុន្តែអាជ្ញាធរស៊ីរីមិនទាន់ចេញមុខបញ្ជាក់ អំពីមូលហេតុផ្ទុះខាងលើនេះនៅឡើយទេ ខណៈពួកគេកំពុងដោះស្រាយ បញ្ហាដាច់ចរន្តអគ្គិសនីទូទាំងប្រទេស ដែលមានប្រជាជនកំពុងរស់នៅជិត ១៧លាននាក់មួយនេះ៕