(ឡាហាវ៉ាន់)៖ វិទ្យាស្ថានស្រាវជ្រាវវ៉ាក់សាំងគុយបា ហ្វីនឡេ (Finlay Vaccine Institute) បានទទួលការអនុញ្ញាតហើយ ក្នុងការចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នជាច្រើន នៃក្រសួងសុខាភិបាលសាធារណៈគុយបា ជាមួយនិងក្តីសង្ឃឹមខ្ពស់ថា គុយបានឹងក្លាយជាប្រទេសដំបូងគេបំផុត នៅក្នុងតំបន់អាមេរិកឡាទីន និងការ៉ាប៊ីន (Carribean) ដែលមាននឹងវ៉ាក់សាំង COVID-19 ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO។

នេះបើតាមការបញ្ជាក់ពី ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Liurka Rodriguez Barrios ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ វ៉ាក់សាំងរបស់គុយបាមួយចំនួន បានឆ្លងកាត់ការធ្វើតេស្ដជាលើកដំបូងលើក្រុមអ្នកស្ម័គ្រចិត្ត ក្នុងនោះអ្នកស្រាវជ្រាវសរុប ០៣នាក់ ក៏បានចូលរួមក្នុងការធ្វើតេស្ដនេះដែរ។ ការវាយតម្លៃបឋមបង្ហាញថា ក្រោយការធ្វើតេស្ដ អ្នកស្រាវជ្រាវទាំង ០៣នាក់ សុទ្ធតែមានប្រព័ន្ធភាពសុំារឹងមាំ ប្រឆាំងនឹងវីរុសកូរ៉ូណា។

គម្រោងអភិវឌ្ឍវ៉ាក់សាំងមានឈ្មោះថា FINLAY-FR-1 ដឹកនាំដោយវិទ្យាស្ថាន Finlay Vaccine Institute និងមជ្ឈមណ្ឌលសម្រាប់ម៉ូលេគុល នៃប្រព័ន្ធភាពសុំា សហការជាមួយក្រុមហ៊ុន បាអូឃ្យូបាហ្វាម៉ា (BioCubaFarma) និងមន្ទីរពិសោធន៍សំយោគគីមី និងជីវៈម៉ូលេគុលនៃសាកលវិទ្យាល័យហាវ៉ាណា (University of Havana) ក៏បានបញ្ចប់រួចទៅហើយ ដោយការធ្វើតេស្ដវ៉ាក់សាំងលើសត្វ។

គួរបញ្ជាក់ថា ការអនុញ្ញាតខាងលើនឹងបើកផ្លូវ ឱ្យមានការធ្វើការងាររួមគ្នា ជាមួយស្ថាប័នផ្សេងៗគ្នា នៃក្រសួងសុខាភិបាលសាធារណៈគុយបា ដើម្បីចាប់ផ្ដើមការធ្វើតេស្ដលើមនុស្ស ក្នុងតំណាក់កាលទី១ និងទី២ ព្រមទាំងការសិក្សាបន្ថែមមួយចំនួនទៀត មុននឹងសម្រេចថា តើវ៉ាក់សាំងអាចប្រើប្រាស់បាន ឬក៏យ៉ាងណា។

ទីភ្នាក់ងារព័ត៌មាន Reuters ក៏ធ្លាប់បានចេញផ្សាយ កាលពីសប្តាហ៍មុននេះផងដែរថា គុយបានឹងធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 លើមនុស្សជាង ៦៧០នាក់ ដែលមានអាយុចន្លោះពី ១៩-៨០ឆ្នាំ ហើយលទ្ធផលនឹងចេញ នៅអំឡុងខែមករា ឆ្នាំ២០២១៕