(វែលីងតោន)៖ បុរសជនជាតិអូស្រ្តាលីដែលជាប់ចោទពីបទ ឃាតកម្មដ៏សាហាវលើសាសនិកឥស្លាម ៥១នាក់ តាមរយៈការបាញ់ប្រហារនៅវិហារឥស្លាម ពីរកន្លែងក្នុងប្រទេសនូវែលសេឡង់ កាលពីឆ្នាំ២០១៩ នៅថ្ងៃអាទិត្យនេះ បានទៅដល់ទីក្រុង Christchurch ហើយ មុនពេលបើកសវនាការកាត់ទោស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។

រូបភាពតាមកញ្ចក់ទូរទស្សន៍បានបង្ហាញថា លោក Brenton Tarrant ដែលជាជនចាប់ចោទ បានចុះចេញពីយន្ដហោះកងទ័ពមួយគ្រឿង នៅឯអាកាសយានដ្ឋាន Christchurch នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែសីហានេះ ដោយពាក់អាវធំការពារនិងមួកសុវត្ថិភាព អមដំណើរដោយក្រុមប្រដាប់អាវុធ មុនពេលត្រូវបញ្ជូនចូលក្នុងរថយន្តវ៉ែនពណ៌សមួយគ្រឿង។

កាសែត New Zealand Herald បានរាយការណ៍ថា នៅថ្ងៃអាទិត្យនេះ ជនជាប់ចោទ Brenton Tarrant ត្រូវបានគេបញ្ជូនពីពន្ធនាគារ Auckland ទៅកាន់តុលាការទីក្រុង Christchurch ជាទីក្រុង ដែលឃាតកម្មដ៏សាហាវខាងលើបានកើតឡើង ដើម្បីទទួលការកាត់ទោស ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ទី២៤ ខែសីហាស្អែកនេះតែម្តង។

គួរជម្រាប ខ្មាន់កាំភ្លើង Tarrant ដែលជាពលរដ្ឋអូស្ត្រាលីបានអាយុ ៣០ឆ្នាំ បានឆ្លើយទទួលសារភាពកំហុស ចំពោះការចោទប្រកាន់ទាំងអស់ ដែលថាខ្លួនបានប្រព្រឹត្តិអំពើមនុស្សឃាតលើជនរងគ្រោះទាំង ៥១នាក់ ព្រមទាំងការប៉ុនប៉ងសម្លាប់មនុស្សចំនួន ៤០នាក់ផងដែរ កាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។ ប៉ុន្តែសារតែវិបត្តិ COVID-19 ដែលបានធ្វើឲ្យប្រទេសទាំងមូលស្ថិតក្រោមវិធានការបិទខ្ទប់ប្រទេស ចៅក្រមបានសម្រេចពន្យាពេលការផ្តន្ទាទោសរហូតមកទល់ពេលនេះ៕