(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថាការទិញមីស៊ីលពីអ៉ីរ៉ង់ គឺជាគំនិតមួយដ៏ល្អ បើទោះជាបច្ចុប្បន្ន ប្រជាជន វេណេស៊ុយអេឡា រាប់លាននាក់កំពុងរស់នៅក្រោមភាពក្រីក្រ ដោយសារតែវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏រុំារ៉ៃក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងក្នុងតំបន់)។ ថ្លែងនាឱកាសនោះ លោកប្រធានាធិបតីវេណេស៊ុយអេឡារូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «វាគឺជាគំនិតល្អ ក្នុងជជែក ឬចរចាជាមួយអ៉ីរ៉ង់ ដើម្បីបានដឹងថាតើមីស៊ីលរយៈចំងាយខ្លី, មធ្យម និងរយៈចំងាយឆ្ងាយ អ្វីខ្លះដែលពួកគេមាន»

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានបង្ហើបថាលោក ម៉ាឌូរ៉ូ មានគម្រោងទិញមីស៊ីលពីអ៉ីរ៉ង់ និងប្រគល់អាវុធដែល ផលិតនៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស ឱ្យទៅក្រុមប្រដាប់អាវុធក្នុងប្រទេសកូឡុំប៊ី។ តែយ៉ាងណាក៏ដោយ គម្រោងទិញមីស៊ីលពីអ៉ីរ៉ង់នេះ គឺជារឿងមិនទំនងទាល់តែសោះ ខណៈរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ កំពុងស្វះស្វែងទិញស្បៀងអាហារជាមូលដ្ឋាន និងថ្នាំពេទ្យ ព្រមទាំងផ្គត់ផ្គង់ឥន្ធនៈដល់ប្រជាជនរាប់លាននាក់កំពុងរស់នៅក្រោមភាពក្រីក្រ នៅក្នុងបរិបទដែលប្រទេសកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕