(កាលីហ្វ័រញ៉ា)៖ តុលាការមួយក្នុងទីក្រុង ឡូស អាន់ជែលឡែស នៃរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងសប្ដាហ៍នេះ បានបង្គាប់ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង់ប្រាក់ ៤៤,១០០ដុល្លារ ឱ្យតារាថតរឿងក្ដៅសាច់ អ្នកស្រី Stormy Daniels យកទៅបង់ថ្លៃជួលមេធាវីការពារក្ដី ពាក់ព័ន្ធនឹងការប្ដឹងផ្ដល់ឡើងតុលាការ ជុំវិញ រឿងអាស្រូវកិច្ចព្រមព្រៀងបិទមាត់មិននិយាយពីទំនាក់ទំនងផ្លូវភេទជាមួយលោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។

ការបង្គាប់ឱ្យបង់ប្រាក់ខាងលើ ធ្វើឡើងបន្ទាប់ពីតុលាការក្នុងទីក្រុង ឡូស អាន់ជែលឡែស បានសម្រេចថាអ្នកស្រី Stormy Daniels គឺជាអ្នកឈ្នះក្នុងការប្ដឹងផ្ដល់ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ជុំវិញកិច្ចព្រមព្រៀងបិទមាត់មិននិយាយពីទំនាក់ទំនងផ្លូវភេទជាមួយប្រធានាធិបតីអាមេរិករូបនេះ ដែលត្រូវបានចុះហត្ថលេខា ១១ថ្ងៃ មុននឹងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦។ នៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីចាញ់ក្ដីគឺជាអ្នកបង់ថ្លៃជួលមេធាវី។ ក៏ប៉ុន្តែ ខាងសេតវិមានមិនទាន់ ធ្វើការអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់តុលាការនៅឡើយទេ។

អ្នកស្រី Daniels បានដាក់ពាក្យ ប្តឹងលោក ត្រាំ ដើម្បីដោះខ្លួនចេញពី កិច្ចព្រមព្រៀង អំពី ការរក្សាការសំងាត់កាលពីឆ្នាំ២០១៨។ អ្នកស្រី Daniels ដែលមានឈ្មោះ ពិតប្រាកដថា Stephanie Clifford បានអះអាងថាអ្នកស្រីធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយលោក ត្រាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ ហើយបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរក្សាការសម្ងាត់នេះ ជាថ្នូរនឹងលុយបិទមាត់ ១៣០,០០០ដុល្លារ ជាមួយអតីតមេធាវីរបស់លោក ត្រាំ គឺលោក Michael Cohen។ លោក Cohen ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាតំណាងឱ្យក្រុមហ៊ុនមួយ និងមនុស្សម្នាក់ឈ្មោះ David Dennison ដែលលោកស្រី Daniels យល់ថាជាឈ្មោះបង្កើត ឡើងសម្រាប់លោក ត្រាំ៕