(មីនស្ក៍, បេឡារុស)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបង្គាប់ឱ្យរដ្ឋមន្ត្រីការពារជាតិរបស់លោក ចាត់វិធានការឱ្យបានតឹងរឹង ជាទីបំផុត ដើម្បីការពារបូរណភាពទឹកដី ទប់ទល់នឹងការឈ្លានពាន ឬការលូកលាន់ពីសំណាក់កម្លាំងខាងក្រៅណាមួយ ខណៈរូបលោកផ្ទាល់កំពុងប្រឈមមុខនឹង បាតុកម្មតវ៉ាទាមទារឱ្យចុះចេញពីតំណែង ដែលមានសភាពកាន់តែពុះកញ្រ្ជោល។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។

លោក Lukashenko មានអាយុ៦៥ឆ្នាំ និងដែលបាន អះអាងពីជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិទី៦ ជាមួយសំឡេងគាំទ្រ៨០ភាគរយ កាលពីថ្ងៃទី ០៩ ខែសីហា ធ្វើការប្រកាសខាងលើ កំឡុងបំពេញទស្សនកិច្ចទៅកាន់ទីបញ្ជាការនៃកងអង្គភាពយោធា នៅក្នុងទីក្រុង Grodno ដែលស្ថិតតំបន់ព្រំដែនជាប់ជាមួយប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍ម្សិលមិញ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Lukashenko បានឆ្លៀតថ្កោលទោសបាតុកម្មតវ៉ាប្រឆាំងនឹងរូបលោក ដោយចោទថាក្រុមបាតុករ ទទួលបានការគាំទ្រ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច ហើយមិនតែប៉ុណ្ណោះបុរសខ្លាំងរូបនេះ ក៏បានអះអាងផងដែរថា កងទ័ពអង្គការ NATO នៅក្នុងប្រទេសប៉ូឡូញ និងលីតទុយអានី កំពុងបង្កើនវត្តមាននៅក្បែរតំបន់ព្រំដែននៃប្រទេសបេឡារុស។ ដូច្នេះហើយ ទើបលោកបញ្ជាឱ្យប្រើកម្លាំងយោធា រីឯកងទ័ពត្រូវត្រៀមខ្លួនគ្រប់វិនាទី ដើម្បីការពារបូរណភាពទឹកដី។ ក៏ប៉ុន្តែ ប្រទេសលីតទុយអានី និងអង្គការ NATO បានទាត់ចោលការចោទប្រកាន់របស់លោក Lukashenko ដោយចាត់ទុកថា គ្មានមូលដ្ឋាន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Lukashenko កើតមានឡើងនៅមុនការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលគ្រោងនឹងធ្វើឡើង ក្នុងទីក្រុង Grodno ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហានេះ និងចំពេលក្រុមគណបក្សប្រឆាំង បានអំពាវនាវឱ្យមានបាតុកម្មតវ៉ាជាថ្មីក្នុងទីក្រុង មីនស្ក៍ នៅថ្ងៃអាទិត្យនេះ ក្រោយ មនុស្សច្រើនជាង ១០០,០០០នាក់ នាំគ្នាចុះផ្លូវធ្វើបាតុកម្មទាមទារឱ្យលោកចុះចេញពីតំណែងកាលពីសប្ដា៍មុន។

សហភាពអឺរ៉ុប នៅក្នុងសប្ដាហ៍នេះ បានបដិសេធ ជ័យជម្នះរបស់លោក Lukashenko ហើយថែមទាំងបានសន្យាទៀតផងថានឹងដាកទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើអ្នកទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធ ឬទទួល ខុសត្រូវលើការបង្រ្កាបយ៉ាងហិង្សាលើក្រុមបាតុករ៕