(ញូដេលី)៖ កងកម្លាំងសន្តិសុខឥណ្ឌា បានបាញ់សម្លាប់បុរស ៥នាក់ ដែលព្យាយាមរត់ពន្ធគ្រឿងញៀនប្រភេទ «ហេរ៉ូអ៉ីន» ឆ្លងព្រំដែនពីប្រទេសប៉ាគីស្ថាន ចូល មកក្នុងទឹកដីឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។

បើតាមកងកម្លាំងសន្តិសុខឥណ្ឌា បុរសទាំង៥នាក់ខាងលើ ត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីពួកគេបើកការបាញ់ប្រហារលើឆ្មាំព្រំដែន នៅក្បែរតំបន់ព្រំដែន ស្ថិតក្នុងស្រុក Tarn Taran នៃរដ្ឋ Punjab។ នៅក្នុងការប៉ះទង្គិចគ្នានេះ កាំភ្លើងម៉ាក AK-47 និងកាំភ្លើងខ្លី៤ដើម រួមជាមួយគ្រឿងញៀន ប្រភេទហេរ៉ូអ៉ីនជិត១០គីឡូក្រាម ក៏ត្រូវបានរឹបអូសផងដែរ។

អាជ្ញាធរឥណ្ឌា មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមឡើយ ប៉ុន្តែបើតាមក្រុមអ្នកជំនាញ គ្រឿងញៀនដែលត្រូវបានរឹបអូសនេះ មានតម្លៃប្រហែល ១.៥លានដុល្លារ នៅក្នុងទីផ្សារលោកខាងលិច៕