(កាលីហ្វ័រញ៉ា)៖ ក្រុមអ្នកពន្លត់អគ្គីភ័យច្រើនជាង ១២,០០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលកំពុងតែរីករាលដាល ខណៈមនុស្ស ០៦នាក់បានស្លាប់ និងមនុស្សយ៉ាងតិច ៤៣នាក់រងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។

ភ្លើងឆេះព្រៃខាងលើនេះ ត្រូវបានអាជ្ញាធរអះអាងថា កើតឡើងដោយសាររន្ទះ បូករួមទាំងអាកាធាតុក្តៅហួតហែងខ្លាំង ហើយរហូតមកទល់ពេលនេះ អាជ្ញាធរបានជម្លៀសប្រជាជន ១៧៥,០០០នាក់ទៅរកទីកន្លែងសុវត្តិភាព។ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ហ្គាវីន ញូសម (Gavin Newsom) បានស្នើសុំជំនួយពីប្រទេសអូស្រ្តាលី ដែលមានបទពិសោធន៍ខ្ពស់ខាងពន្លត់ភ្លើងព្រៃ និងកាណាដាជាប្រទេសជិតខាង ខណៈរដ្ឋដែលមានមនុស្សរស់នៅ ច្រើនជាងគេនៅអាមេរិកមួយនេះ កំពុងរងគ្រោះដោយសារភ្លើងឆេះព្រៃ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃជាច្រើនកន្លែង បាននិងកំពុងឆាបឆេះនៅតំបន់ជនបទ និងព្រៃក្រាស់ៗនៅជុំវិញរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែតំបន់ដែលឆេះខ្លាំងជាងគេ គឺនៅលើភ្នំនៅភាគខាងត្បូង និងខាងកើតនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)។ រដ្ឋក្បែរខាងរួមមាន អូរ៉េហ្គន, ញូម៉ិកស៊ិក, និងរដ្ឋតិចសាស់ ក៏បានចូលរួមក្នុងកិច្ចខំប្រឹងប្រែង ដើម្បីពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់នេះផងដែរ៕