(ម៉ូស្គូ)៖ អ្នកនយោបាយប្រឆាំងនៅរុស្សីលោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ បានហោះចាកចេញពីតំបន់ស៊ីបេរី (Siberia) ទៅដល់ប្រទេសអាល្លឺម៉ង់ហើយ និងកំពុងទទួលការព្យាបាល។ នេះបើតាមការចេញផ្សាយ CNA នារសៀលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។

លោក Alexei Navalny ជាអ្នកនយោបាយ និងអ្នកស៊ើបអង្កេតលើអំពើពុករលួយ ក៏ជាអ្នករិះគន់ដ៏ខ្លាំងក្លាម្នាក់ប្រឆាំងប្រធានាធិបតីរុស្សីលោក វ្ល៉ឌីមៀ ពូទីន (Vladimir Putin) បានសន្លប់បន្ទាប់ពីទទួលទានតែ ដែលត្រូវបានក្រុមអ្នកគាំទ្ររបស់លោកអះអាងថា មានជាតិពុល ហើយពួកគេបានចោទប្រកាន់ទៅអាជ្ញាធរថា កំពុងព្យាយាមលាក់បាំងបទឧក្រិដ្ឋនេះ។

គួររំលឹកថា ក្រុមគ្រូពេទ្យទីក្រុងអូមស៍ (Omsk) នៃតំបន់ស៊ីបេរី បានទទូចកាលពីថ្ងៃសុក្រម្សិលមិញថា ស្ថានភាពសុខភាពរបស់លោក Alexei មានសភាពធ្ងន់ធ្ងរខ្លាំង ដែលមិនអនុញ្ញាតឲ្យធ្វើបំលាស់ទីទៅទីណាឡើយ។ ប៉ុន្តែក្រោយមក ពួកគេបាននិយាយថា ស្ថានភាពរបស់លោកមានស្ថេរភាពគ្រប់គ្រាន់ ក្នុងការហោះហើរបានវិញ និងអនុញ្ញាតឲ្យភរិយារបស់លោក គឺលោកស្រី យូលៀ ណាវ៉ាល់នី (Yulia Navalny) ចូលសួរសុខទុក្ខ និងរួមដំណើរជាមួយលោកផងដែរ។

អ្នកនាំពាក្យរបស់លោក Alexei គឺលោក ឃីរ៉ា យ៉ាមីស (Kira Yarmysh) បានបញ្ជាក់នៅមុននេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នករាល់គ្នាដែលគាំទ្រ។ ការតស៊ូពុះពារដើម្បីអាយុជីវិត និងសុខភាពរបស់លោក Alexei កំពុងតែចាប់ផ្ដើមហើយ»

គួរបញ្ជាក់ថា លោក Navalny គឺជាសមាជិកលេចធ្លោជាងគេ នៃក្រុមបក្សប្រឆាំង ហើយលោកបានធ្វើយុទ្ធនាការ ដើម្បីប្រជែងលោក ពូទីន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៨ ប៉ុន្តែត្រូវបានរារាំងមិនឲ្យឈរឈ្មោះ។ ចាប់តាំងពីពេលនោះមក លោក Navalny បានគាំទ្រសមាជិកបក្សប្រឆាំង នៅក្នុងការបោះឆ្នោតថ្នាក់តំបន់ប្រជែងជាមួយសមាជិកគណបក្សកាន់អំណាចរបស់លោក ពូទីន។

ក្រុមអ្នកគាំទ្ររបស់លោក Navalny បានជឿថា វិមានក្រឹមឡាំង (Kremlin) គឺជាអ្នកនៅពីក្រោយរឿងហេតុនេះ និងបានព្យាយាមពន្យារពេល ក្នុងការបញ្ជូនរូបលោកទៅមន្ទីរពេទ្យធំមួយ នៅប្រទេសអាល្លឺម៉ង់ថែមទៀត។ ដោយឡែក ក្រុមវេជ្ជបណ្ឌិតរុស្ស៊ីបានធ្វើការបញ្ជាក់ថា មិនមានភស្តុតាងនៃការបំពុល ហើយវិមានរដ្ឋាភិបាលរុស្ស៊ីក៏បានបដិសេធថា អាជ្ញាធរមិនបានព្យាយាមរារាំង ការផ្ទេររូបលោកទៅព្យាបាលនៅបរទេសនោះទេ៕