(ញូវដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយ​ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានបង្ហាញថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ២,៩៧៥,៧០១ករណីហើយ ក្នុងនោះអ្នកជំងឺសរុប ៥៥,៧៩៤នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។

បើតាមក្រសួងសុខភិបាលឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៦៩,៨៧៨ករណី និងអ្នកស្លាប់ថ្មីចំនួន ៩៤៥នាក់បន្ថែមទៀត។ ដោយឡែកអ្នកជំងឺសរុបចំនួន ២,២២២,៥៧៧នាក់ហើយបានជាសះស្បើយឡើងវិញ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ធ្វើឲ្យចំនួនអ្នកជំងឺ​ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសល់ចំនួន ៦៩៧,៣៣០នាក់។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តឥណ្ឌាហៅកាត់ថា ICMR បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ៣៤,៤៩១,០៧៣នាក់ត្រូវបានធ្វើតេស្តនៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សចំនួន ១,០២៣,៨៣៦នាក់ត្រូវបានធ្វើតេស្ត តែក្នុងពេលមួយថ្ងៃសុក្រម្សិលមិញនេះ។ ហើយនេះជាលើកទីមួយហើយ ដែលមានការធ្វើតេស្តរក COVID-19 ជាង ១លាននាក់ក្នុងមួយថ្ងៃ៕