(វ៉ាស៊ីនតោន)៖ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅសហរដ្ឋអាមេរិក​បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់អំពីគោលជំហររបស់ខ្លួនថា ទីក្រុងប៉េកាំងគ្មានចេតនា ឬចំណាប់អារម្មណ៍អ្វីដែលត្រូវទៅលូកលាន់​ចូលកិច្ចការផ្ទៃក្នុង ជាពិសេសកិច្ចការបោះឆ្នោត​នៅសហរដ្ឋអាមេរិកឡើយ។ នេះបើតាមការដកស្រង់ព័ត៌មានដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតចិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងគ្មានចេតនា ឬក៏ចំណាប់អារម្មណ៍ ក្នុងការលូកលាន់កិច្ចផ្ទៃក្នុង របស់សហរដ្ឋអាមេរិកនោះឡើយ»។ បន្ថែមពីនេះ ចិនក៏បានអះអាងពីជំហរឥតងាករេរបស់ខ្លួន ក្នុងការធ្វើការងារជាមួយ​រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីដោះស្រាយបញ្ហាទ្វេភាគីជាច្រើនផងដែរ។

គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ ដោយស្ថានទូតចិនខាងលើនេះ បានកើតមានឡើងក្រោយសារព័ត៌មាន Washington Post ដ៏ល្បីល្បាញរបស់សហដ្ឋអាមេរិកចេញផ្សាយថា ចិនកំពុងតែសម្លឹងមើលថា តើលោក ដូណាល់ ត្រាំ ឬលោក ចូ បៃដិន ជាអ្នកមានលទ្ធភាពយកឈ្នះ​ការបោះឆ្នោតប្រធានាធិបតី នៅដើមខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ កាសែតដដែលក៏បានចុះផ្សាយ តាមការទទួលបានព័ត៌មាន​ពីក្រុមស៊ើបអង្កេតអាមេរិកទៀតថា ចិនចង់ឃើញលោក ដូណាល់ ត្រាំ ចាញ់ឆ្នោត៕