(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកកំពុងកាន់អំណាច លោក ដូណាល់ ត្រាំ បានវាយបកវិញទៅកាន់បេក្ខជនប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) និងអនុប្រធានាធិបតី​លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) របស់បក្សប្រជាធិបតេយ្យ ដែលបានយកវេទិកាមួយ ព្រលះការដឹកនាំប្រទេសរបស់លោក ត្រាំ ជាង ៣ឆ្នាំមកនេះដោយឥតសំចៃមាត់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានយោបាយជាតិ (CNP) ដែលប្រារព្ធឡើងក្នុងទីក្រុង អាលីងតុន (Arlington) នៃរដ្ឋវើជីនៀ (Virginia) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើគូប្រជែងរបស់យើង (បក្សប្រជាធិបតេយ្យ) ទទួលជ័យជម្នះ នោះនឹងគ្មាននរណាម្នាក់ក្នុងប្រទេសនេះ អាចមានសុវត្ថិភាពនោះឡើយ។ ខ្ញុំជាមនុស្សតែម្នាក់គត់ ដែលឈរនៅចន្លោះក្តីសុបិននៃប្រជាជនអាមេរិក និងភាពអនាធិបតេយ្យ, ឆ្កួតលីលា និងចលាចល»

គួរបញ្ជាក់ថា ក្រោយទទួលយកការតែងតាំងជាបេក្ខជន តំណាងបក្សប្រជាធិបតេយ្យជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Biden បានទទូចដល់ប្រជាជនអាមេរិកទាំងអស់ ឲ្យជឿជាក់ថា ពួកគេនឹងអាច «ឆ្លងផុតរដូវកាលដ៏ងងឹតនេះ» ហើយថែមទាំងបានសន្យាថា លោកនឹងស្វះស្វែងបង្រួបបង្រួម នូវការបែកបាក់ផ្នែកនយោបាយក្នុងប្រទេសជាតិ តាមរបៀបដែលលោកប្រធានាធិបតេយ្យ ដូណាល់ ត្រាំ មិនអាចធ្វើវា។

អតីតអនុប្រធានាធិបតីអាមេរិកវ័យ ៧៧ឆ្នាំរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រធានាធិបតីបច្ចុប្បន្ន បានធ្វើឲ្យអាមេរិកស្ថិតក្នុងភាពដ៏ងងឹត ភាពខឹងសម្បារ ភាពភ័យខ្លាច និងការបែកបាក់សង្គមជាខ្លាំង។ នៅទីនេះ និងពេលឥឡូវនេះ ខ្ញុំសូមសន្យាថា ប្រសិនបើអ្នកសម្រេចឲ្យខ្ញុំធ្វើជាប្រធានាធិបតី នោះខ្ញុំនឹងទាញយកអ្នកដែលពូកែជាងគេ មិនមែនអាក្រក់បំផុតនោះទេ។ ខ្ញុំនឹងក្លាយជាសម្ព័ន្ធមិត្តនៃភាពភ្លឺថ្លា មិនមែនភាពខ្មៅងងឹតនោះទេ»