(អូតាវ៉ា)៖ រឿងរ៉ាវនៃជំងឺរាតត្បាតសកល COVID-19 និងភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក ពិតជាក្តៅគគុកមែន សម្រាប់តំបន់អាមេរិកខាងជើងទាំងមូល ប៉ុន្តែនៅប្រទេសកាណាដា ដែលជាប់របងអាមេរិកវិញ តើមានអ្វីកំពុងកើតឡើង ដែលក្តៅគគុកបន្ថែមពីលើបញ្ហាទាំងឡាយទៀតនោះ? ខាងក្រោមនេះ គឺជារឿងអាស្រូវដ៏កក្រើកមេឃរញ្ជួយដី ដែលបាននិងកំពុងកើតឡើងនៅកាណាដា៖

* កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដាលោក Bill Morneau បានសម្រេចលាលែងចេញពីតំណែង ខណៈដែលលោកនាយករដ្ឋមន្ត្រី Justin Trudeau បានស្នើសុំពន្យារពេលកិច្ចប្រជុំសភារហូតដល់ចុងខែកញ្ញា។ ការធ្វើបែបនេះ កើតឡើងអំឡុងពេលដែលជំងឺ COVID-19 និងវិបត្តិសេដ្ឋកិច្ច កំពុងធ្វើឲ្យកាណាដា រងសម្ពាធធ្ងន់ឡើងៗ។

* លោក Morneau និង Trudeau សុទ្ធតែកំពុងក្លាយជាផ្ទាំងស៊ីបនៃការស៊ើបអង្កេតរបស់សភា ពាក់ព័ន្ធនឹងការជ្រើសរើសមូលនិធិសប្បុរសធម៌មួយ ដែលទទួលបានថវិកាចំនួន៦០០លានដុល្លារ ពីកម្មវិធីផ្តល់ជំនួយដល់និស្សិត។ កូនស្រីរបស់លោក Morneau បម្រើការងារឲ្យអង្គការសប្បុរសធម៌នេះ ដែលលោក Morneau និងភរិយា ក៏ធ្លាប់បានធ្វើការបរិច្ចាគប្រាក់ឲ្យផងដែរ ហើយអង្គការនេះបានផ្តល់ប្រាក់ដល់ម្តាយ និងបងប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី Trudeau ចំនួន ២០០,០០០ដុល្លារ ជាថ្លៃឈ្នួលនៃការចូលរួមកិច្ចអត្ថាធិប្បាយ។

* ជាការពិតណាស់ អ្វីដែលក្រុមអ្នកតាមដានបានមើលឃើញ នោះគឺការសង្ស័យនានាអំពីទំនាក់ទំនងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កាណាដា ជាមួយមហាសេដ្ឋី, ប្រទេសលីប៊ី និងបុគ្គលល្បីឈ្មោះមួយចំនួនទៀត មិនអាចត្រូវបានស៊ើបអង្កេត ដោយគណៈកម្មាធិការសភានោះឡើយ នៅពេលដែលសភាកាណាដា ត្រូវពន្យារពេលកិច្ចប្រជុំនោះ។

* កាលពីថ្ងៃពុធសប្តាហ៍នេះ ការលេចធ្លាយរឿងអាស្រូវពាក់ព័ន្ធលោកនាយករដ្ឋមន្ត្រី Trudeau បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធសុខុមាលភាពសង្គម នៃប្រទេសដែលកន្លងមកត្រូវបានចាត់ទុកថា ជាទឹកដីដ៏សុខសាន្ត និងស្អាតស្អំជាងគេលើលោកមួយនេះ។ ដើម្បីបង្វែចំណាប់អារម្មណ៍ចេញពីបញ្ហានេះ លោក Trudea បាននិយាយថា លោកចង់ឲ្យមានការជម្រុញការថែទាំកុមារ, លំនៅឋានរស់នៅសមរម្យ និងការធានារ៉ាប់រងចំពោះការងារ ក៏ដូចជាការបន្តផ្តល់ជំនួយ អំឡុងប្រទេសជាតិរងគ្រោះ ដោយសារជំងឺរាតត្បាតសកល។

* លោកនាយករដ្ឋមន្ត្រីកាណាដារូបនេះ ថែមទាំងបានបញ្ជាក់ទៀតថា លោកចង់យកឱកាសកសាងប្រទេសកាណាដាមួយ ដែលមានសុខុមាលភាព និងសុវត្ថិភាពជាងមុន ដែលជាពិភពបៃតង និងមានការប្រកួតប្រជែងខ្ពស់។ សរុបមកគឺមានន័យថា អ្វីៗទាំងនេះអាចកើតឡើង នៅពេលកាណាដាបន្តស្ថិតនៅក្នុងការដឹកនាំរបស់លោក Trudeau ហើយលោកនឹងសុំការអនុម័តពីសភា នៅក្នុងខែកញ្ញាខាងមុខនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមែនជា ប្រទេសអាមេរិកខាងជើងតែមួយនោះទេ ដែលបាននិងកំពុងប្រឈមមុខ ចំពោះភាពរកាំរកូសនយោបាយ អំឡុងពេលមានវិបត្តិ COVID-19 ធ្ងន់ធ្ងរ។ សម្រាប់លោក Trudeau ពេលនេះហាក់ដូចជាកំំពុងឈរនៅលើផ្ទាំងទឹកកកដ៏ស្តើងរួចទៅហើយ ក្រោយពីលោកបានឈ្នះការបោះឆ្នោតម្តងទៀត កាលពីខែតុលា ឆ្នាំ២០១៩ ប៉ុន្តែគណបក្សរបស់លោក បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ដែលជាហេតុធ្វើឱ្យអាណត្តិដឹកនាំរបស់លោក មានភាពទន់ខ្សោយរួចទៅហើយ៕