(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសរុស្ស៊ីបានអះអាងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សចំនួន ៤០,០០០នាក់ នឹងទទួលការចាក់វ៉ាក់សាំង COVID-19 នៅសប្តាហ៍ក្រោយនេះ ដើម្បីជាការធ្វើតេស្តសាកល្បងទ្រង់ទ្រាយធំ អំពីប្រសិទ្ធភាព និងសុវត្ថិភាព នៃវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឈ និងចុះបញ្ជីទទួលស្គាល់ដោយរុស្ស៊ីខ្លួនឯង មុនគេបង្អស់នៅលើពិភពលោក។

 

 

២៖ ប្រភពព័ត៌មានពីអាជ្ញាធរប៉ាឡេស្ទីនបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបើកការវាយលុកតាមផ្លូវអាកាស ទៅលើតំបន់ហ្គាហ្សា (Gaza) កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបនឹងការបាញ់ផ្លោងគ្រាប់រ៉ុក្កែត និងការបង្ហោះប៉ោងប៉ោងភ្ជាប់ដោយគ្រាប់បែក ចេញពីតំបន់នោះ។

 

 

៣៖ អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានប្រកាសទទួលយកការតែងតាំង ជាបេក្ខជនប្រធានាធិបតី តំណាងឲ្យគណបក្សប្រជាធិបតេយ្យជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ខណៈដែលលោកបានសន្យាថា នឹងស្តារប្រទេសជាតិឲ្យរួចផុតពីភាពខ្មៅងងឹត ដែលត្រូវបានបង្កឡើងដោយលោក ត្រាំ ប្រសិនជាលោកជាប់ឆ្នោត។

 

 

៤៖ បំណុលជាតិរបស់ចក្រភពអង់គ្លេស បានកើនឡើងដល់ ២ទ្រីលានផោន (២.៦ទ្រីលានដុល្លារអាមេរិក) ដែលជាកម្រិតខ្ពស់បំផុត ខណៈដែលសេដ្ឋកិច្ចប្រទេសមួយនេះ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែរិបត្តិបង្កឡើងដោយជំងឺ COVID-19។

 

 

៥៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន (CAAC) និងក្រសួងដឹកជញ្ជូនអាមេរិក (DOT) បានប្រកាសដូចគ្នាថា ជើងហោះហើរទៅមករវាងប្រទេសមហាអំណាច សេដ្ឋកិច្ចទាំងពីរនេះ នឹងកើនឡើងទ្វេដងនៅក្នុងខែសីហានេះតែម្តង។

 

 

៦៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ថៃ (CCSA) នៅថ្ងៃសុក្រនេះបានប្រកាសបន្តអនុវត្តវិធានការរឹតត្បិត ទៅតាមច្បាប់នៃគ្រាមានអាសន្ន ដើម្បីប្រឆាំងនឹងជំងឺរាតត្បាតនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។