(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ី និងចិនបានឯកភាពគ្នាថា ក្រុមហ៊ុនជីវបច្ចេកវិទ្យាស៊ីណូវ៉ាក់ (Sinovac Biotech) របស់ចិន ដែលធ្វើការជាមួយក្រុមហ៊ុនផលិតឱសថបាយអូ ហ្វាម៉ា (Bio Farma) ដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី នឹងផ្តល់ថ្នាំវ៉ាក់សាំង COVID-19 ចំនួន ៤០លានដូស ដល់រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី នៅចន្លោះខែវិច្ឆិកា ដល់ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi នៅក្នុងសន្និសីទកាសែតពីចម្ងាយមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគចិនលោក Wang Yi។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីរូបនេះ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac Biotech) និងក្រុមហ៊ុនបាយអូ ហ្វាម៉ា (Bio Farma) ដើម្បីផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង COVID-19 ចំនួន ៤០លានដូស ជូនរដ្ឋាភិបាលឥណ្ឌូនេស៊ី ពីខែវិច្ឆិកាឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ២០២១»

គួរជម្រាបថា នៅថ្ងៃសុក្រ ទី២១ ខែសីហានេះ ឥណ្ឌូនេស៊ីបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ២,១៩៧នាក់ និងស្លាប់ ៨២នាក់បន្ថែម។ បច្ចុប្បន្ន ប្រទេសអាស៊ានមួយនេះមានករណីឆ្លងសរុបជិត ១៥មុឺននាក់ ក្នុងនោះស្លាប់ ៦,៥០០នាក់ និងជាសះស្បើយជាង១០មុឺននាក់៕