(ប៉េកាំង)៖ អាជ្ញាធររដ្ឋធានីប៉េកាំង បានសម្រេចលុបចោលវិធានការ ដែលតម្រូវឲ្យពលរដ្ឋពាក់ម៉ាសនៅតាមទីសាធារណៈ និងបានបន្ធូរបន្ថយវិធានការផ្សេងៗទៀតផងដែរ ខណៈទីក្រុងមួយនេះមិនមានករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍សម្រាប់រយៈពេល ១៣ថ្ងៃជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។

ទោះបីជាមានការណែនាំពីសំណាក់អាជ្ញាធរក៏ដោយ ប្រជាជនមួយចំនួនធំនៅតែបន្តពាក់ម៉ាស់ដដែល ដោយសារតែពួកគេចង់រក្សាសុវត្ថិភាព ចំណែកឯអ្នកខ្លះនិយាយថា ពួកគេនៅតែបន្តពាក់ម៉ាស់ ដោយសារតែរងសម្ពាធពីមនុស្សនៅជុំវិញខ្លួន។ ជាក់ស្តែងអ្នកនាង កៅ (Cao) វ័យ ២៤ឆ្នាំរស់នៅនៅទីក្រុងប៉េកាំង បានប្រាប់ទីភ្នាក់ងារ Reuters ថា «ខ្ញុំគិតថា ខ្ញុំអាចដោះម៉ាស់នៅពេលណាក៏បាន ប៉ុន្តែខ្ញុំត្រូវដឹងឲ្យប្រាកដជាមុនថា អ្នកផ្សេងក៏យល់ស្របដែរព្រោះខ្ញុំព្រួយថា ពួកគេនឹងខ្លាចប្រសិនបើពួកគេ ឃើញខ្ញុំអត់ពាក់ម៉ាស»

គួររំលឹកថា នេះជាលើកទី ២ ហើយដែលមន្ត្រីសុខាភិបាលក្រុងប៉េកាំង បានបន្ធូរបន្ថយគោលការណ៍ណែនាំ ស្តីពីការពាក់ម៉ាសនៅតាមទីសាធារណៈ នៅក្នុងរដ្ឋធានីប៉េកាំង ព្រោះថាស្ថានភាពនាពេលបច្ចុប្បន្ននេះ បានវិលទៅរកសភាពធម្មតាវិញហើយ។ សម្រាប់រយៈពេល ជាច្រើនថ្ងៃកន្លងមកនេះទីក្រុងប៉េកាំង មិនបានរកឃើញករណីឆ្លងថ្មីៗទៀតនោះទេ ក្រោយអាជ្ញាធរអាចគ្រប់គ្រងការឆ្លងរីករាលដាលនៅខេត្តស៊ីនជាំង និងកន្លែងផ្សេងៗទៀត។

ក្រុមអ្នកជំនាញចិនបានគូសបញ្ជាក់ថា គន្លឹះសំខាន់ដែលធ្វើឲ្យប្រទេសចិន ទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺនេះ គឺតាមរយៈការអនុវត្តន៍វិធានការរឹតត្បឹតដ៏តឹងរឺងបំផុត រួមមានការពាក់ម៉ាសជាននិច្ច និងតម្រូវឲ្យពលរដ្ឋនៅក្នុងផ្ទះដាច់ខាត ជាពិសេសគឺការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំផងដែរ៕