(ញូយ៉ក)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន (CAAC) និងក្រសួងដឹកជញ្ជូនអាមេរិក (DOT) បានប្រកាសដូចគ្នាថា ជើងហោះហើរទៅមករវាងប្រទេសមហាអំណាច សេដ្ឋកិច្ចទាំងពីរនេះ នឹងកើនឡើងទ្វេដងនៅក្នុងខែសីហានេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។

ក្រសួងដឹកជញ្ជូនអាមេរិកបានប្រកាសក្នុងសប្តាហ៍នេះថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ចិន បង្កើនចំនួនជើងហោះហើរពី ០៤ជើងក្នុងមួយសប្តាហ៍ ឡើងទៅដល់ ០៨ជើងក្នុងមួយសប្តាហ៍។ ជាការឆ្លើយតប អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន ក៏បានប្រកាសអនុញ្ញាតឲ្យអាកាសចរណ៍អាមេរិក ឌែលតាអ៊ែរឡាញ (Delta Air Lines) បង្កើនចំនួនជើងហោះហើររបស់ខ្លួន ទៅកាន់ប្រទេសចិន ពីរជើងក្នុងមួយសប្តាហ៍ផងដែរ។

គួរបញ្ជាក់ថា ការបង្កើនចំនួនជើងហោះហើរជាសន្សឹមៗនេះ គឺជាគោលដៅមួយ ក្នុងការសម្រួលដល់វិស័យការទូត និងពាណិជ្ជកម្ម ខណៈស្ថានភាពជំងឺរាតត្បាត COVID-19 នៅចិនកាន់តែធូរស្រាលខ្លាំង ខណៈសហរដ្ឋអាមេរិក នៅមិនទាន់មានភាពធូរស្រាលនោះឡើយ ប៉ុន្តែខ្លួនអះអាងថា អាចគ្រប់គ្រងស្ថានការណ៍បាន។ កាលពីដើមខែមិថុនាកន្លងទៅនេះ លោក ត្រាំ ធ្លាប់ព្រមានមិនឲ្យអាកាសចរណ៍ដឹកអ្នកដំណើរចិន ហោះហើរទៅមករវាងអាមេរិកឡើយ ប៉ុន្តែចិនបានព្រមានតបវិញថា នឹងធ្វើបែបនេះដូចគ្នា៕