(ឡុងដ៍)៖ បំណុលជាតិរបស់ចក្រភពអង់គ្លេស បានកើនឡើងដល់ ២ទ្រីលានផោន (២.៦ទ្រីលានដុល្លារអាមេរិក) ដែលជាកម្រិតខ្ពស់បំផុត ខណៈដែលសេដ្ឋកិច្ចប្រទេសមួយនេះ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែរិបត្តិបង្កឡើងដោយជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។

ការិយាល័យស្ថិតិជាតិ នៅថ្ងៃសុក្រនេះបានបង្ហាញថា បំណុលរបស់ចក្រភពអង់គ្លេស មានទំហំធំជាងផលិតផលក្នុងស្រុកសរុប (GDP) ជាលើកដំបូង រាប់ចាប់តាំងតាំងពីដើមទសវត្សឆ្នាំ១៩៦០ មកម្ល៉េះ។ ជុំវិញបញ្ហានេះក្រុមអ្នកសេដ្ឋវិទូបានព្រមានថា បើសិនរដ្ឋាភិបាលកាត់បន្ថយការចំណាយសាធារណៈ ដើម្បីគាំទ្រសេដ្ឋកិច្ចមុនការកំណត់ នោះនឹងអាចបង្កឲ្យមានវិបត្តិអ្នកអត់ការងារធ្វើ និងរាំងខ្ទប់ការងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ។

បន្ទាប់ពីការដាក់ចេញនូវវិធានការរឹតត្បឹត កាលពីខែមីនាកន្លងទៅ កម្រិតបំណុលបានកើនឡើងយ៉ាងគំហុក ដោយសារតែបាត់បង់ចំណូលពន្ធ ហើយដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះជាលំដាប់ រដ្ឋាភិបាលបានចំណាយថិវិកាដ៏ច្រើនសម្បើម ដើម្បីជួយសង្គ្រោះអាជីវកម្មនានា ជាពិសេសគាំទ្រដល់អ្នកអត់ការងារធ្វើ អំឡុងពេលមានជំងឺរាតត្បាត។

គួរបញ្ជាក់ថា កាលពីខែមុន ឱនភាពថវិកាជាតិមានចំនួនសរុប ២៦.៧ពាន់លានផោន នាំឲ្យការខ្ចីបុលសរុបក្នុងរយៈពេល ០៤ខែដំបូងក្នុងឆ្នាំ ២០២០ មានរហូតដល់ ១៥០.៥ពាន់លានផោន។ បន្ទាប់ពីការចេញផ្សាយទិន្នន័យនេះ កាលពីសប្តាហ៍មុនសេដ្ឋកិច្ចអង់គ្លេសបានធ្លាក់ចុះ ២០.៤% នៅក្នុងត្រីមាសទី ២ ឆ្នាំនេះ។ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស រីហ្ស៊ី ស៊ូណេក (Rishi Sunak) បានព្រមានថា នាពេលខាងមុននេះ លោកនឹងធ្វើការសម្រេចចិត្តដ៏លំបាក ព្រោះថាបន្ទុកទាំងនេះ អាចនឹងធ្លាក់លើពលរដ្ឋអង់គ្លេស ដែលមានចំណូលខ្ពស់ តាមរយៈការដំឡើងពន្ធ៕