(ដាម៉ាស់)៖ រដ្ឋាភិបាលអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ និងមេបញ្ជាការអង្គភាពយោធា របស់រដ្ឋាភិបាលប្រទេសស៊ីរីជាច្រើនរូប ដោយបានចោទប្រកាន់ពួកគេថា បានព្យាយាមរារាំងដល់ដំណោះស្រាយ ប្រកបដោយសន្តិវិធីសម្រាប់ប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំ នៃកងអង្គភាពយោធាស៊ីរីមួយចំនួន ក្នុងនោះរួមមានទាំងមេបញ្ជាការកងកម្លាំងការពារជាតិលោក ហ្វាទី សេក (Fadi Saqr) ផងដែរ។

លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានសម្រេចចិត្តរួបរួមគ្នា ក្នុងការបន្តដាក់សម្ពាធលើ ប្រធានាធិបតីស៊ីរី និងរដ្ឋាភិបាលរបស់លោករហូតទល់តែមាន ដំណោះស្រាយនយោបាយមួយប្រកបដោយសន្តិវិធី សម្រាប់ជម្លោះដែលកំពុងកើតមាននៅក្នុងប្រទេស»។

រដ្ឋមន្ត្រីការបរទេសមេរិកខាងលើនេះ ក៏បានសង្កត់ធ្ងន់ក្នុងន័យព្រមានទៀតថា «លោក អាសាដ (ប្រធានាធិបតីស៊ីរី) និងពួកអ្នកឧបត្ថមបរទេស (រុស្ស៊ី និងអ៉ីរ៉ង់) បានដឹងច្បាស់ថា ពេលវេលាកំពុងតែដំណើរការហើយ... ទីក្រុងវ៉ាស៊ីនតោននឹងបន្តគិតគូរលើគ្រប់គ្នាទាំងអស់ និងនៅគ្រប់ទីកន្លែង ដែលរារាំងដល់ដំណោះស្រាយនយោបាយ ដោយសន្តិវិធីចំពោះជម្លោះនៅស៊ីរី»៕