(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសដាក់ចេញបទបញ្ជា «ស្ថិតនៅផ្ទះ» នៅក្នុងសង្កាត់ Sittwe នៃរដ្ឋរ៉ាក់ឃីន (Rakhine) ដោយចាប់ផ្តើមនៅយប់ថ្ងៃព្រហស្បតិ៍តែម្តង ខណៈករណីឆ្លងក្នុងស្រុកនៃជំងឺ COVID-19 ថ្មីៗនេះកើនឡើងជាខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានគូសបញ្ជាក់ថា ករណីឆ្លងក្នុងស្រុក នៃជំងឺ COVID-19 ចំនួន ០៣ករណីបន្ថែមទៀតត្រូវបានរាយការណ៍ នៅក្នុងសង្កាត់ Sittwe នៃរដ្ឋរ៉ាក់ឃីន នៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣៩៩នាក់។

គួរជម្រាបថា ករណី COVID-19 ត្រូវបានគេរកឃើញជាលើកដំបូង ក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែមីនា ហើយរហូតមកទល់ពេលនេះ មានអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន ០៦នាក់ ក្នុងចំណោមករណីឆ្លងសរុបជិត ៤០០នាក់ខាងលើ៕