(ហាណូយ)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហានេះ ករណីឆ្លង COVID-19 នៅប្រទេសវៀតណាម ជាសរុបបានកើនលើស ១,០០០ករណីហើយ បន្ទាប់ពីបានកត់ត្រាករណីថ្មីៗចំនួន ១៤នាក់បន្ថែម នៅក្នុងរបាយការណ៍ថ្ងៃនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា តួលេខសរុបនៃករណីឆ្លង COVID-19 នៅទូទាំងប្រទេស នាពេលបច្ចុប្បន្នមានចំនួន ១,០០៧ករណី ក្នុងនោះស្លាប់ ២៥នាក់ និងជាសះស្បើយ ៥៤២នាក់ ខណៈមនុស្សចំនួន ៨៦,៦៤៤នាក់ទៀត កំពុងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ ដែលភាគច្រើននៅតាមផ្ទះរបស់ពួកគេ។

ប្រភពដដែលនេះបានគូសបញ្ជាក់ទៀតថា ជាងពាក់កណ្តាលនៃករណីឆ្លងសរុបទាំងអស់ខាងលើ គឺមានជាប់ទាក់ទងនឹងការផ្ទុះថ្មីមួយ នៅទីក្រុងដាណាង ស្ថិតនៅភាគកណ្តាលប្រទេស កាលពីចុងខែកក្កដាកន្លងទៅនេះ៕