(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សិស្សវិទ្យាល័យរាប់រយនាក់របស់ថៃ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខក្រសួងអប់រំ កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីសម្តែងការមិនពេញចិត្ត ចំពោះរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា និងបានទាមទាឲ្យបញ្ឈប់ការយាយី ទៅលើសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យ។

២៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានហៅមហាសេដ្ឋី និងជាម្ចាស់សារព័ត៌មានល្បីឈ្មោះមួយរូបនៅហុងកុងលោក ជីមមី ឡៃ (Jimmy Lai) ថា «បុរសដ៏ក្លាហាន» ក្រោយពីរូបលោកបានបង្ហាញការគាំទ្រ ចំពោះចលនាទាមទារលទ្ធិលប្រជាធិបតេយ្យនៅហុងកុង និងត្រូវបានចាប់ខ្លួន ហើយដោះលែងវិញកាលពីសប្តាហ៍មុន។

៣៖ លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលទទួលការតែងតាំងជាផ្លូវការ សម្រាប់បេក្ខភាពអនុប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនាខែវិច្ឆិកានោះ បានចូលរួមជាមួយអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ដើម្បីថ្កោលទោសចំពោះភាពបរាជ័យរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាអ្នកដឹកនាំ។

៤៖ ក្រសួងការបរទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ នេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកវត្តមាន យន្តហោះទម្លាក់គ្រាប់បែករបស់ចិន គឺជាការបង្កក្តីអន្តរាយដល់សន្តិភាព នៅតំបន់សមុទ្រចិនខាងត្បូង និងបានរំលោភអធិបតេយ្យភាព របស់វៀតណាមផងដែរ។

៥៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសថា គណបក្សកាន់អំណាចរបស់លោក នឹងរៀបចំសមាជមួយនៅឆ្នាំក្រោយ ដើម្បីសម្រេចចិត្តលើផែនការថ្មីរយៈពេល ០៥ឆ្នាំ ខណៈលទ្ធផលនៃកិច្ចប្រជុំគណបក្ស កាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហាញថា ការកែលម្អសេដ្ឋកិច្ចជាតិ មានភាពយឺតយ៉ាវជាខ្លាំង។

៦៖ នៅក្នុងរបាយការណ៍សម្រាប់ថ្ងៃព្រហស្បតិ៍នេះ ទីក្រុងតូក្យូបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣៣៩ករណីបន្ថែមទៀត ដែលជាការរកឃើញច្រើនបំផុត បើរាប់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន។