(វ៉ាស៊ីនតោន)៖ ទីក្រុងហុងកុងបានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបចំពោះសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ពីទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងជាផ្លូវការ ដល់រដ្ឋាភិបាលហុងកុងថា ខ្លួនបានលុបចោលកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៣ ស្តីពីការធ្វើបត្យាប័ន និងការអនុគ្រោះពន្ធគយជាមួយទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០។

បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាប្រតិបត្តិ កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅ ក្រសួងការបរទេសអាមេរិក បានសម្រេចលុបចោល ឬផ្អាកកិច្ចព្រមព្រៀងស្តីពីការផ្ទេរជនល្មើស (បត្យាប័ន) ដែលរត់គេចខ្លួន, ជនដែលត្រូវបានកាត់ទោស និងការលើកលែងពន្ធ លើប្រាក់ចំណូលដែលទទួលបាន ពីប្រតិបត្តិការនាវាដឹកជញ្ជូនអន្តរជាតិ។

គួរបញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះវិធានការអាមេរិក រដ្ឋបាលទីក្រុងហុងកុងនៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រឆាំងសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាឯកតោភាគី ដើម្បីផ្អាក ឬបញ្ឈប់កិច្ចព្រមព្រៀងទ្វេភាគីចំនួន ៣ ជាមួយទីក្រុងហុងកុង និងបានហៅទង្វើរបស់អាមេរិកថា ជាការចង់បង្កបញ្ហាបន្ថែម រវាងទំនាក់ទំនងចិន-អាមេរិក ដោយយកទីក្រុងហុងកុងជាលេស៕