(បាងកក)៖ សេដ្ឋកិច្ចថៃបានធ្លាក់ចុះខ្លាំងបំផុតក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ បើគិតចាប់តាំងពីជាងពីរទស្សវត្សរ៍កន្លងទៅនេះ ខណៈដែលរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបិទខ្ទប់ប្រទេស និងការរឹតត្បិតលើការធ្វើដំណើរដើម្បីគ្រប់គ្រងការផ្ទុះរីករាលដាលនៃជំងឺ Covid-19 ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Bloomberg នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមថៃ (NESDC) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ផលិតផលក្នុងស្រុកសរុប ឬហៅកាត់ថា GDP របស់ខ្លួនសម្រាប់ត្រីមានទី២នេះ បានដាំក្បាលចុះ ១២.២% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះដ៏ធំអាក្រក់បំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីកាលពីឆ្នាំ ១៩៩៨។ ប៉ុន្តែទោះជាយ៉ាងណា វាមិនអាក្រក់ដូចការព្យាកររបស់សេដ្ឋកិច្ចវិទូនៃ Bloomberg ដែលថា សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះ ១៣% នោះទេ។

គួរជម្រាបថា វិបត្តិសកល COVID-19 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ខណៈពេលដែលសេដ្ឋកិច្ចនៃប្រទេសដែលមានសេដ្ខកិច្ចធំលំដាប់ទី២ ប្រចាំអាស៊ានមួយនេះ បានពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទាំងនោះ៕