(ស្រីលង្កា)៖ ប្រទេសស្រីលង្កាទាំងមូលគ្មានអគ្គីសនីប្រើប្រាស់រាប់ម៉ោង នៅថ្ងៃចន្ទនេះបន្ទាប់ពីរោងចក្រថាមពលអគ្គីសនីដ៏ធំមួយនៃប្រទេសនេះ ជួបបញ្ហាបច្ចេកទេសដែលមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងថាមពលលោក Dullas Alahapperuma បានគូសបញ្ជាក់ថា «បញ្ហាបច្ចេកទេស» នៅឯស្ថានីយ៍ថាមពល Kerawalapitiya ស្ថិតនៅខាងក្រៅរដ្ឋធានីកូឡុំបូ គឺជាមូលហេតុនៃការដាច់ចរន្តអគ្គិសនី។ រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា ការដាច់ចរន្តអគ្គីសនីនេះបានបង្កផលប៉ះពាល់ដល់ប្រជាជនស្រីលង្កានៅទូទាំប្រទេសដែលមានចំនួនប្រមាណ ២១លាននាក់ ហើយបើទោះបីជាភ្លើងអគ្គិសនីត្រឡប់មកផ្នែកខ្លះ បន្ទាប់ពីបានដាច់រយៈពេលជាង០៦ម៉ោងក៏ដោយ ក៏ទីក្រុងកូឡំបូស្ថិតនៅក្នុងភាពងងឹតដដែលនៅយប់នេះ។

គួរជម្រាបថា ការដាច់ចរន្តអគ្គិសនីលើកនេះ គឺជាការរំខានដ៏អាក្រក់បំផុតចាប់តាំងពីខែមីនា ឆ្នាំ២០១៦មក។ កាលនោះប្រទេសស្រីលង្កាទាំងមូលគ្មានអគ្គិសនីប្រើប្រាស់អស់រយៈពេល ០៨ម៉ោងជាប់ៗគ្នា បន្ទាប់ពីមានការខូតខាតប្រព័ន្ធអគ្គីសនីយ៉ាងខ្លាំង៕